header ads

Sponsor

ពិសី

ភ្នំពេញៈ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំមួយ ដល់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ខារ៉ាអូខេ ឌីស្កូតែក រង្គសាល បៀរហ្កាឌិន និងសេវាកម្សាន្តទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស ត្រូវផ្អាកការលក់ដូរគ្រឿងស្រវឹងចំនួន២ថ្ងៃ គឺ១ថ្ងៃមុនការបោះឆ្នោត និងនៅថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា។

តាមសារចរណែនាំ របស់ក្រសួងទេសចរណ៍ ដែលបានចេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្ម ខារ៉ាអូខេ ឌីស្កូតែក រង្គសាល បៀរហ្កាឌិន និងសេវាកម្សាន្តទេសចរណ៍នានា នៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្ម រយៈពេលមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី២៨ និងទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកឯ អាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋាន ទេសចរណ៍នានា នៅទូទាំងរាជធានី-ខេត្ត អាចដំណើរការអាជីវកម្មរបស់ខ្លួនបាន ប៉ុន្តែត្រូវផ្អាកការលក់ដូរគ្រឿងស្រវឹង នៅក្នុងរយៈពេលពីរថ្ងៃនេះ។

ក្រសួងទេសចរណ៍ក៏បានឱ្យមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់អាជីវកម្ម ទាំងអស់ ឱ្យអនុវត្តតាមសារាចរណែនាំនេះ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដើម្បីធ្វើឱ្យដំណើរការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ និងគ្មានអំពើហិង្សា។

ការណែនាំនេះ គឺអនុលោមទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងចៀសវាងនូវបាតុភាពនានា ដែលអាចកើតមានឡើងដោយសារការពិសាគ្រឿងស្រវឹងនោះ។

សូមរំឭកថា កាលពីថ្ងៃទី០៦ ខែកក្កដា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្ដីណែនាំមួយដែរ ដោយមិនឲ្យមានការលក់ដូរ និងពិសាគ្រឿងស្រវឹង នៅថ្ងៃទី២៨ និងទី២៩ ខែកក្កដា ឆ្នាំ២០១៨ នោះឡើយ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ចៀសអំពើហិង្សានានា នៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដោយសារកន្លងទៅ រាជរដ្ឋាភិបាល បានសង្កេតឃើញថា ការពិសាគ្រឿងស្រវឹងភាគច្រើន អាចបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬ ករណីខ្លះ ដែលអាចបណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈទៀតផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post