Sponsor
ពិសី

បន្ទាយមានជ័យៈ មានសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា ទីតាំងល្បែងដុះស្លែមួយកន្លែង ដែលបើកលេងយូរឆ្នាំមកហើយនោះ ត្រូវកម្លាំងសមត្ថកិច្ចស្រុកមង្គលបូរី ចេញមុខបង្ក្រាប កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមាត់ស្ទឹង ក្នុងផ្ទះអ្នកស្រុក ភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះ អបអរសាទរចំពោះចំណាត់ការនេះ ។

លោក លី ឈុនគង់ អធិការរង នៃអធិការដ្ឋានស្រុកមង្គលបូរី បានឲ្យដឹងថា ដោយទទួលបានព័ត៌មានរាយការណ៍ របស់ប្រជាពលរដ្ឋនោះ លោកបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងភ្លាមៗដើម្បីបង្ក្រាប តែជាលទ្ធផលរឹបអូសបានត្រឹមតែវត្ថុតាង ចំពោះអ្នកលេងរត់គេចខ្លួនបាត់ស្រមោលអស់ ។

លោកថា ល្បែងទីតាំងខាងលើ ទំនងជាមានអ្នកចាំមើលផ្លូវ និងមានអ្នកផ្តល់ព័ត៌មានមុនទៅដល់អ្នកលេង ដើម្បីបង្កើនការប្រុងប្រយ័ត្ន ទើបពេលសមត្ថកិច្ចទៅដល់អ្នកលេងរត់គេចបានដោយសុវត្ថិភាព។ តែទោះជាអ្នកលេងបានរត់គេចរួចខ្លួនហើយក៏ពិតមែន លោកអធិការរងរូបនេះ បានអះអាងថា បានស្គាល់អត្តសញ្ញាណអ្នកលេងហើយ កម្លាំងជំនាញនឹងកោះហៅមកធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច ឲ្យបញ្ឈប់ការបើកលេងដោយខុសច្បាប់អញ្ចឹងទៀត ។

លោក លី ឈុនគង់ បានបញ្ជាក់ផងដែរថា ប្រតិបត្តិការបង្ក្រាបថ្វីត្បិតតែចាប់អ្នកលេងមិនបាន តែសមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួន មានចានបាញ់អាប៉ោងមួយ ផ្តិតសម្រាប់គ្របមួយ កំរ៉ាលសម្រាប់ចាក់មួយផ្ទាំង កំរ៉ាលសម្រាប់គ្រាលអង្គុយលេងមួយផ្ទាំង ម៉ូតូចំនួន២គ្រឿង ម៉ាកគុប ពណ៌ស្ករ មួយគ្រឿង និងម៉ាកវេវ មួយគ្រឿង ។

ប្រជាពលរដ្ឋក្នុងភូមិសឿ បានសម្តែងនូវការអបអរសាទរចំពោះចំណាត់ការដ៏ក្តៅគគុក របស់សមត្ថកិច្ចស្រុកមង្គលបូរី លើទីតាំងល្បែងមួយនេះ។ ប្រជាពលរដ្ឋថា អធិការជាច្រើននាក់មកហើយ ដែលមកកាន់តំណែងនៅក្នុងស្រុកមួយនេះ តែមិនដែលមានឆន្ទះបង្ក្រាបទេ គឺមានតែសម្ងំរួមរស់ជាមួយនិងល្បែងមួយនេះ ទើបតែអធិការថ្មីនេះទេ ដែលបញ្ចេញស្នាដៃបង្ក្រាប ។

ប្រជាពលរដ្ឋក៏បានសម្តែងនូវក្តីបារម្ភផងដែរ ជុំវិញការបង្ក្រាបនេះ ព្រោះថា ខ្លាចតែការបង្ក្រាបគ្រាន់តែជារូបភាពគោះទឹកបង្អើលត្រី ឲ្យត្រីចូលលប ហើយរស់សុខសាន្តជាមួយគ្នាដូចអធិការមុនៗ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor