
ភ្នំពេញៈ ភារៈធារីនៃស្ថានទូតចិន ប្រចាំនៅកម្ពុជា លោក ជា លី បានលើកឡើងថា ប្រសិនបើមានជនជាតិចិនណាមួយ បង្កបញ្ហានៅខេត្តព្រះសីហនុ ដូច្នេះអាជ្ញាធរខេត្តព្រះសីហនុ ត្រូវផ្តល់ដំណឹងទៅស្ថានទូត ដើម្បីជួយសហការក្នុងការដោះស្រាយ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ លោក ជា លី ក៏បានកោតសរសើរខេត្តព្រះសីហនុ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈវត្តមានអគារខ្ពស់ៗបាន និងកំពុងរីកព្រោងព្រាតនៅខេត្តទេសចរណ៍មួយនេះ។
លោកបន្តថា “ប្រសិនបើមានជនជាតិចិនណា បានមកបង្កបញ្ហានៅខេត្តព្រះសីហនុ សូមអាជ្ញាធរខេត្តព្រះសីហនុ ជួយផ្តល់ដំណឹងទៅស្ថានទូតផង ដើម្បីជួយសហការដោះស្រាយ ធ្វើយ៉ាងណាឲ្យសាធារណៈជនទូទៅអាចផ្តល់សេចក្ដីទុកចិត្តបាន។ តាមរយៈទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ដែលមានស្រាប់ភាគីទាំងពីរ គឺជាមិត្តល្អមួយគ្នាជានិច្ច”។

លោកបន្តថា ចិន គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ ចិន នឹងប្តេជ្ញាជំរុញឲ្យមានការអភិវឌ្ឍថែមទៀត លើវិស័យវិនិយោគ និងសន្តិសុខផងដែរ។
សម្រាប់អភិបាលខេត្តព្រះសីហនុវិញ បានថ្លែងថា ខេត្តធានាចំពោះសន្តិសុខ សុវត្ថិភាពដល់ពលរដ្ឋខ្មែរ អ្នកវិនិយោគ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ លោកថា ខេត្តព្រះសីហនុ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារទប់ស្កាត់ ដើម្បីបុព្វហេតុសន្តិសុខ សុវត្ថិភាព។ ដូច្នេះ សូមភាគីចិន កុំមានការព្រួយបារម្ភអ្វីឡើយ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថា សម្បូរទៅដោយជនជាតិចិនយ៉ាងច្រើន ដែលសម្រុកមកបណ្តាក់ទុននៅខេត្តមួយនេះ ប៉ុន្តែបញ្ហាវិញកើតឡើងមិនចេះមិនចេះហើយនោះទេ ដែលបង្កឡើងដោយជនជាតិចិនតែម្តង៕