
ក្រចេះ៖ នៅរយៈពេលប៉ុន្មានម៉ោង ក្រោយការភ្ញាក់ផ្អើលពីករណីពុលជាថ្មី យ៉ាងហោចណាស់ប្រជាពលរដ្ឋ២នាក់ បានស្លាប់បាត់បង់ជីវិត និងជាង៣០នាក់ផ្សេងទៀត កំពុងស្ថិតក្នុងការសង្គ្រោះអាយុជីវិត បើគិតត្រឹមម៉ោងប្រមាណ១១៖៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា។
ហេតុការណ៍ភ្ញាក់ផ្អើលពីករណីពុលជាថ្មីនេះ បានកើតឡើងតាំងពីព្រលប់ថ្ងៃសុក្រ ថ្ងៃទី១៣ ខែកក្កដានេះ បន្ទាប់ពីពួកគេបានផឹកស្រាស ក្នុងពិធីបុណ្យសព្វអ្នកភូមិ ស្ថិតក្នុងនៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។


បើតាមសេចក្ដីរាយការណ៍ ពលរដ្ឋទាំងនេះ មានអាការៈថប់ដង្ហើម ស្រវាំងភ្នែក ស្ងួតបំពង់ក ក្អួត រាគ និងអស់កម្លាំងខ្លាំង ក្រោយពេលហូបស្រាសកំដរក្នុងពិធីបុណ្យសពរបស់អ្នកភូមិនៅព្រឹកថ្ងៃកើតហេតុ ហើយរហូតដល់វេលាព្រលប់ថ្ងៃដដែល ក៏កើតអាការៈពុលបែបនេះ ទើបក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្ដង។


ដោយឡែក ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្នួល មិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការពុលនេះបាននៅឡើយទេ ប៉ុន្តែលោកឲ្យដឹងថា ប្រជាពលរដ្ឋបានសម្រុកចូលមកសម្រាកព្យាបាលចាប់តាំងពីម៉ោង៧យប់ រហូតដល់ម៉ោងជាង១១នេះ មានប្រមាណជាង៣០នាក់ហើយ។
យ៉ាងណា អង្គភាពសារព័ត៌មាន Cam Post នៅមិនទាន់អាចសុំការបញ្ជាក់ពីសំណាក់ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានទេ។ យើងនឹងលម្អិតបន្ថែមជុំវិញករណីនេះ នាពេលបន្តិចទៀត៕





