ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងកែលម្អផ្លូវជាតិលេខ៤ នឹងចាប់ផ្ដើមនៅដើមឆ្នាំ២០១៩ខាងមុខនេះ បន្ទាប់ ពីរាជរដ្ឋាភិបាលទទួលបានកម្ចីឥណទានសម្បទានពីធនាគារពិភពលោក ចំនួន១១០លានដុល្លាររ ដើម្បីជួសជុលផ្លូវនេះឲ្យមានភាពល្អប្រសើរឡើងបន្ថែមទៀត។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក នូ វឌ្ឍនៈ បានឲ្យដឹងថា គម្រោងកែលម្អផ្លូវជាតិលេខ៤នេះ នឹងចាប់ផ្តើមធ្វើការកែលម្អឡើងវិញ និងជួសជុលខួបតាមកន្លែង ដែលមានការខូចខាតខ្លាំងនៅដើមឆ្នាំ២០១៩។ គម្រោងនេះត្រូវចំណាយពេលរយៈពេល១៨ខែ ហើយពង្រឹងទៅលើខឿនផ្លូវ ដែលមានស្រាប់ក្នុងផ្លូវចាស់ និងចាក់អ៊ុតកៅស៊ូបន្ថែមនៅលើចិញ្ចើមផ្លូវ ហើយផ្លូវនេះ មិនមែនជាការពង្រីកផ្លូវបន្ថែមនោះទេ។
លោកថា ការកែលម្អលើកនេះ រួមមានការរៀបចំកែលម្អចិញ្ចើមសងខាងផ្លូវ ដាក់លូបង្ហូរទឹក និងធ្វើស្ពាន និងការផ្តោតទៅលើការបង្កើនគុណភាពស្ថានីយថ្លឹងរថយន្ត ដើម្បីកាត់បន្ថយហានិភ័យនៃការដឹកលើសទម្ងន់ ដំឡើងស្លាកសញ្ញាចរាចរណ៍ ប្រព័ន្ធភ្លើងបំភ្លឺដោយប្រើថាមពលពន្លឺព្រះអាទិត្យ និងកាមេរ៉ាចាប់ល្បឿនបើកបរជាដើម។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចកែលម្អផ្លូវនេះ ខណៈដែលផ្លូវនេះ គឺជាផ្លូវសេដ្ឋកិច្ច និងជាសរសៃឈាមក្នុងការដឹកជញ្ជូន ហើយការកែលម្អផ្លូវជាតិលេខ៤នេះ គឺមិនប៉ះពាល់ដល់ការស្ថាបនាផ្លូវល្បឿនលឿននោះទេ ដោយសារតែផ្លូវល្បឿនលឿនជាការវិនិយោគរបស់ក្រុមហ៊ុនចិន ទៅលើខ្សែផ្លូវថ្មីផ្សេងមួយទៀត៕