
រតនគិរីៈ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ខណៈកំពុងបើកបរលើផ្លូវជាតិសុខៗ សង្ស័យតៃកុងងងុយដេកបើករេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងម្ខាង បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោ១២៖១០នាទី ថ្ងៃត្រង់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង រតនគិរី។


លោក សួន សាវុធ មេប៉ុស្តិ៍កាចាញ ឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុងពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-6324 បើកបរដោយឈ្មោះ សន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរ (រងរបួសធ្ងន់) ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានរេចង្កូតធ្លាក់ផ្លូវជាតិ បណ្ដាលឲ្យក្រឡាប់តែម្ដង។ ជាមួយគ្នា មានអ្នករួមដំណើរពីរនាក់ ១-ឈ្មោះ អ៊ុក វល្ល័ក្ខ ភេទប្រុស អាយុ២៥ឆ្នាំ ក៏រងរបួសស្រាល និង២-ឈ្មោះ ផល សឿន ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាល។ បច្ចុប្បន្នអ្នកទាំង៣ រស់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍កាចាញ ចុះមកអន្តរាគមន៍ទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដភ្លាមៗផងដែរ។ ដោយឡែក រថយន្តត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ខេត្ត អូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំឲ្យម្ចាស់មកទទួលយកទៅវិញ៕
