
ភ្នំពេញៈ បុរសនារី២នាក់ ជាសង្សារនឹងគ្នា ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងមិនពាក់មួកសុវត្ថិភាព ជិះឡើងទួលរេចង្កូតរអិលដួលបោកទៅនឹងថ្នល់ អូសជិត១០ម៉ែត្រ រងរបួសធ្ងន់បែកមុខទាំង២នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវមុនីរ៉េត មុខធនាគារមេគង្គ (ជិតស្តុប Intercon) ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះជិះម៉ូតូម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CT-9954។
ក្រោយកើតហេតុភ្លាមនោះបុរសដែលរបួសធ្ងន់សន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាមរួមទាំងនារី ដែលរបួសបែកមុខ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចចុះមកយកទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីរងចាំម្ចាស់មកយកពេលក្រោយ៕
