ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងមិនស្គាល់ម៉ាកបើក និងកិន កាលពីវេលាម៉ោង៧និង៣០យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវកប់ស្រូវកែង និងផ្លូវលំក្នុងភូមិទួលអំពៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ សុខ សន្យា ហៅក្រៅ (អាបាំង) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការនៅក្រុមហ៊ុន ទឹកសុទ្ធ វិតាល់ នៅជិតសាលាកូរ៉េរស់នៅ ភូមិសំរោកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។ ចំណែកអ្នករងរបួសនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាក បើកបរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្ដាំង ក៏ជ្រុលទៅបុកម៉ូតូស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-3763 បើកបរដោយយុវជនពីរនាក់ ស្របទិសគ្នាពេញទំហឹង ហើយកិនក្បាល បណ្ដាលឲ្យយុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កបើករត់គេចដោយសុវត្ថិភាព។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះវាស់វែងយកម៉ូតូរងគ្រោះ ទៅរក្សាទុករង់ចាំសាច់ញាតិយកឯកសារមក នឹងប្រគល់ជូនវិញ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចទាក់ទងរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕