header ads

Sponsor

ពិសី

បន្ទាយមានជ័យៈ វាពិតជាសង្វេគពេកណាស់ នៅពេលដែលភ្លេងចាក់ក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់កូន បានក្លាយជាភ្លេងខ្លងខែកបុណ្យសពម្តាយទៅវិញ។ អ្នកភូមិផងរបងក្បែរដែលជាភ្ញៀវត្រៀមនឹងចូលរួមពិធីឡើងគេហដ្ឋានថ្មី បានសម្តែងក្តីភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង ចំពោះហេតុការណ៍នេះ ។

សមត្ថកិច្ច បានឲ្យដឹងថា ពិធីឡើងគេហដ្ឋានថ្មីនោះ បានរៀបចំធ្វើនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ តែនៅព្រលឹមស្រាងៗបានបង្វែរជាពិធីបុណ្យសព ខណៈដែលម្តាយម្ចាស់ពិធីត្រូវបានស្លាប់ ដោយឆក់ខ្សែភ្លើងដែលរាយចោលកាលពីយប់កំដររោង ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ គង់ ណាគ្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រង់ចំណុចរៀបចំឡើងគេហដ្ឋានថ្មី ។

យោងតាមសម្តីរបស់កូនស្ត្រីរងគ្រោះ បាននិយាយថា នៅព្រឹកកើតហេតុ នៅចន្លោះម៉ោង៥ ទៅម៉ោង៦ គឺម្តាយរបស់ខ្លួន បានងើបពីដំណេកមកបោសសម្អាតដីក្នុងរោងពិធី ពេលកំពុងបោសគាត់បានទាញស្បៃដែលសើមមកគ្របលើតំណរខ្សែភ្លើងរាយនៅនឹងដី ក៏ឆក់តែម្តង ភ្លាមនោះក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ តែជាអកុសលគាត់បានបាត់បង់ជីវិតនៅតាមផ្លូវទៅហើយ ។

លោកនាយប៉ុស្តិ៍តាបែន បានបញ្ជាក់ថា នេះគឺជាឆ្វេសប្រហែស ចំពោះអ្នកតខ្សែភ្លើងឃើញព្រីបែកហើយមិនព្រមផ្លាស់ប្តូរនៅតែយកមកប្រើ ។ ក្នុងនោះលោក ក៏បានអំពាវនាវសូមឲ្យបងប្អូនប្រើប្រាស់ប្រព័ន្ធភ្លើងឲ្យមានការប្រុងប្រយ័ត្ន ជាពិសេស កុំស្តាយព្រីដែលបែកបាក់ហើយត្រូវផ្លាស់ប្តូរចេញជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post