header ads

Sponsor

ពិសី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកម្លាំងមួកខៀវ កងរាជអាវុធហត្ថ ចំនួន៧៣នាក់ កាលពីរាត្រីម្សិលម៉ិញ​នេះ ដើម្បីទៅប្តូរវេន កម្លាំងចាស់ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួន នៅសាធា​រណរដ្ឋស៊ូដង់ខាងត្បូង ក្នុងបេសកកម្មរបស់អង្គការ សហប្រជាជាតិ។

ក្នុង​ពិធី​ជូន​ដំណើរ​កងទ័ព​មួក​ខៀវ​កម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានថ្លែងឱ្យកងកម្លាំងទាំងនោះថា នេះជាលើកទី៧ហើយ ដែលកម្ពុជាបញ្ជូនកម្លាំងមួកខៀវ ទៅបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

លោក សែម សុវណ្ណនី បានបញ្ជាក់ថា កងកម្លាំងទាំងនេះ ទៅបំពេញការងារ ផ្នែករក្សាសណ្តាប់ធ្នាប់ ត្រួតពិនិត្យ ចរាចរណ៍ ត្រួតពិនិត្យរាល់សម្ភាររបស់អង្គការសហប្រជាជាតិ និងកម្លាំងមួកខៀវមក​ពីបណ្តាប្រទេសផ្សេងៗ ចេញ ចូលក្នុងបន្ទាយរបស់អង្គការសហប្រជាជាតិ។

លោបន្ដថា កម្លាំងមួកខៀវអាវុធហត្ថកម្ពុជា ដែលចេញទៅបំពេញបេសកកម្ម នៅប្រទេសស៊ូដង់ខាងត្បូងនេះ បានបំពេញការងារចំនួន៦រដ្ឋ ក្នុងប្រទេសនេះ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក៏បានបំពាក់នូវសម្ភារថ្មីៗមួយចំនួន ទៅដល់កម្លាំងទាំង៧៣នាក់ រួមមានសម្លៀកបំពាក់ អាវការពារគ្រាប់ វិទ្យុទាក់ទង និងសម្ភារមួយចំនួនទៀត ដែលចាំបាច់សម្រាប់ការងារបំពេញបេសកកម្ម។

លោកបានបន្ថែមថា បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិតម្រូវឱ្យកម្ពុជា បំពាក់សម្ភារ សុវត្ថិភាព បន្ថែមដល់កម្លាំងមួកខៀវ មុនចូលរួមបំពេញបេសកកម្មរបស់ អង្គការសហប្រជាជាតិ។

ជាមួយគ្នានោះ លោក សែម សុវណ្ណនី បានផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ គោរពបទបញ្ជាឱ្យបានខ្ជាប់ខ្ជួន ចេះស្រលាញ់ និងជួយមើលថែទាំគ្នា កុំប្រព្រឹត្តអ្វីដែលឆ្គាំឆ្គងនាំឱ្យអាប់អោនកិត្តិ យសជាតិរបស់យើង ជាពិសេស ត្រូវមានសាមគ្កីភាពជាមួយកម្លាំងរក្សាសន្តិភាព មកពីបណ្តារប្រទេសនានានៅទីនោះឱ្យបានល្អ។ លើសពីនេះ ត្រូវចងចាំនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេច តេជោបានផ្តាំ  គឺត្រូវប្រកាន់ខ្ជាប់ថា កងទ័ពកម្ពុជា មិនមែនជាកងទ័ពព្រានព្រៃទេ គឺជាកងទ័ព ដែលចូលរួម រកសុខសន្តិភាពជូន ប្រទេសស៊ូដង់ខាងត្បូង នៅឱ្យគេស្រលាញ់ ត្រឡប់មកវិញឱ្យគេមានការនឹករលឹក ដូចកងកម្លាំងមុនៗ បានបំពេញរួចមកហើយ រក្សាឱ្យបាននូវប្រពៃណីជាកងទ័ពស្អាតស្អំរបស់កម្ពុជា ទៅគ្រប់មកគ្រប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post