header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសបរទេសម្នាក់ ​រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងម្នាក់ទៀត របួសស្រាល ខណៈពេលកំពុងបើករថយន្តឆ្លងកាត់ផ្លូវបំបែកជាបួន បែរត្រូវរថយន្ត Hilux Vigo ពាក់ស្លាកលេខ ភ្នំពេញ 2AS-2211 បើកលឿនដូចហោះ ទៅបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទាតឡើងចិញ្ចើមផ្លូវរាប់សិបម៉ែត្រ។ ក្រោយកើតហេតុគ្រោះថ្នាក់នេះ អ្នកបើកបររថយន្តបង្កបានហៅអង្គរក្សជាច្រើន ចុះទៅកន្លែងកើតហេតុ និងកាងមិនឲ្យអ្នកសារព័ត៌មានផ្តិតយករូបភាពផងដែរ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កជាសំឡេងលាន់ដូចរន្ទះ​មួយនេះ បានកើតឡើងនៅវេលាម៉ោង៣៖១០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០១៨នេះ​ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ត្រង់ផ្លូវលេខ១២៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ ប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Honda Fit ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ចង្កូតស្ដាំ KCHH-0001 បើកបរដោយបុរសបរទេសម្នាក់ រួមដំណើរជា​មួយបុរសបរទេសម្នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនធម្មតា។ លុះមកដល់ចំណុចកើតហេតុ ​ដែលជាផ្លូវបែកជាបួននោះ រថយន្តជនបរទេសបានបន្ថយល្បឿន បម្រុងបើកឆ្លងកាត់ផ្លូវលេខ៥១ ស្រាប់តែមានរថយន្ត Hilux Vigo ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS-2211 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនដូចហោះ ទៅបុករថយន្ត Honda Fit ចំកង់មុខផ្នែកខាងស្ដាំយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត Honda Fit ខ្ទាតឡើងទៅលើចិញ្ចើមផ្លូវ និងបុរសបរទេសទាំងពីរនាក់នោះ រងរបួសធ្ងន់និងស្រាល។ ក្រោយកើតហេតុ អ្នករបួសធ្ងន់ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកយកទៅមន្ទីរពេទ្យ ខណៈអ្នករបួសស្រាល បានឡើងម៉ូតូឌុបជិះចេញទៅភ្លាមៗផងដែរ។ ចំណែករថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំតែម្ដង។

សាក្សីដដែលបន្ថែមថា អ្នកបើកបររថយន្ត Hilux Vigo បានចុះពីលើរថយន្ត​ រួចទាក់ទងហៅ​បុរសមាឌធំជាច្រើននាក់ ស្លៀកពាក់ឯកសណ្ឋានអង្គរក្សឲ្យចុះមកជួយអន្តរាគមន៍នៅកន្លែងកើតហេតុ។ ក្រោយមក អ្នកបើកបររថយន្ត Hilux Vigo បានឡើងរថយន្តបើកចេញទៅបាត់ បន្សល់ទុករថយន្ត និង​បុរសមាឌធំជាច្រើននាក់នោះ នៅឈរបិទបាំងស្លាកលេខរថយន្ត មិនឲ្យក្រុមអ្នកសារព័ត៌មានផ្ដិតយករូបភាពនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចយករថយន្តទាំងពីរគ្រឿងនោះ ទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងដោះស្រាយគ្នាពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post