header ads

Sponsor

ពិសី

ភ្នំពេញៈ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ​ បានឆ្លើយតបកាលពីប៉ុន្មាននាទីមុននេះថា ការផ្សព្វផ្សាយព័ត៌មានករណីមានការកាត់ប្រាក់ខែរបស់មន្ត្រីនគរបាល ដើម្បីបង់ចូលគណបក្សនោះ គឺជារឿងមិនពិត និងមានចេតនាមួលបង្កាច់កិត្តិយសនគរបាលជាតិ។ នេះបើយោងតាមការផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០១៨។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ប្រតិកម្មនេះ​ ក្រោយពេលគេហទំព័រមួយ ដែលមានមូលដ្ឋាននៅក្រៅប្រទេស និងបណ្តាញសង្គមបានធ្វើការផ្សព្វផ្សាយថា មានការកាត់ប្រាក់ខែចំនួន១០ម៉ឺនរៀល ពីមន្ត្រីនគរបាល ដើម្បីបង់ឲ្យគណបក្សប្រជាជនកម្ពុជា នៅក្នុងខែមិថុនានេះ។

បើតាមមេប៉ូលិស គៀត ច័ន្ទថារិទ្ធ ៖ "ព័ត៌មាននេះ គ្មានមូលដ្ឋានពិតប្រាកដទេ ព្រោះជាទូទៅគ្មានគោលការណ៍ណា ឬបទបញ្ជារបស់ថ្នាក់ដឹកនាំណាម្នាក់ តម្រូវឲ្យមន្ត្រីនគរបាលធ្វើបែបនេះឡើយ"

លោកបន្ដ​ ថាជារឿយៗ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តែងតែបានលើកឡើងរាល់ពេលប្រជុំការងារ ដាស់តឿនដល់នគរបាលគ្រប់ផ្នែក មិនត្រូវប៉ះពាល់ដល់ប្រាក់បៀវត្សរបស់កងកម្លាំងនគរបាល កុំសូម្បីតែកាត់ប្រាក់ខែបង់ចូលគណបក្ស ទោះករណីណាក៏ដោយ មិនអាចកាត់ប្រាក់ខែនេះ ដោយខុសច្បាប់ឡើយ។

លោកបានឲ្យដឹងដែរថា ក្នុងរយៈពេលកន្លងមក ក៏មានការដាក់ពិន័យ និងដាក់ទោសនាយនគរបាលមួយចំនួនផងដែរ ដែលបានប្រព្រឹត្តល្មើសបែបនេះ។

ទោះជាយ៉ាងណាក៏ដោយ មេប៉ូលិសរូបនេះ បានប្រកាសដល់មន្ត្រីនគរបាលទាំងអស់ ប្រសិនបើជួបប្រទះបញ្ហានេះ ឬក៏ទទួលបានព័ត៌មានជាក់ច្បាស់ពីបញ្ហានេះ សូមរាយការណ៍មកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់វិធានការតាមវិន័យរបស់កងកម្លាំង ក៏ដូចជាចាត់វិធានការតាមច្បាប់ជាធរមាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post