header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ឌឺដងទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាក្រចកម្ពុជា អំពីការប្រកាសដោះលែងអ្នកទោសទ្រង់ទ្រាយធំ នាពេលខាងមុខនោះ អ្នកវិភាគនយោបាយខ្មែរ នៅសហរដ្ឋអាមេរិក លោក ជេម សុខ បានបកស្រាយថា ចរិតខ្មៅក្រខ្វក់នៃពាក្យសម្ដីនយោបាយរបស់លោក សម រង្ស៊ី ជាមនុស្សប្រជាធិបតេយ្យក្លែងក្លាយ មាត់ពូកែនិយាយចាក់រុក និងបំផ្លាញផលប្រយោជន៍ជាតិ ។

លោក សម រង្ស៊ី បានឌឺដងសម្តេចតេជោ ដែលមានគម្រោងដោះលែងសកម្មជនអតីតបក្សប្រឆាំង១២រូប និងដោះលែងអ្នកទោសទ្រង់ទ្រាយធំ នៅពេលខាងមុខថា ដោយសារតែរងគំនាបពីសហគមន៍អន្តរជាតិ ហើយខ្លាចបរទេសមិននិយាយរកសម្តេច ។

សម រង្ស៊ី លើកឡើងនេះ បន្ទាប់ពីសម្តេចតេជោ បានប្រកាសថា សម្តេចមានគម្រោងលើកលែង អ្នកទោសទណ្ឌិតទ្រង់ទ្រាយធំ នៅពេលខាងមុខនេះ ខណៈក្នុងនោះក៏មានអតីតសកម្មជនបក្សប្រឆាំងផងដែរ។ ជាមួយគម្រោងនេះដែរ សម្តេច ក៏បានលើកឡើងថា កុំឲ្យអ្នកដែលខាងក្រៅនិយាយថា ការដោះលែងទណ្ឌិតមកគំនាបអន្តរជាតិ ព្រោះសម្តេចស្អប់ពាក្យនេះណាស់ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ជេម សុខ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានសរសេរថា “ចាប់តាំងពីមានវិបត្តិនយោបាយនៅកម្ពុជា តាំងពីខែកញ្ញា ឆ្នាំ២០១៧មក ដល់ថ្ងៃនេះ ខ្ញុំតែងបកស្រាយជម្រាបលោកអ្នក បងប្អូនជនរួមជាតិទាំងអស់ អំពីចរិតខ្មៅក្រខ្វក់ នៃពាក្យសម្ដីនយោបាយ របស់លោក សម រង្ស៊ី ដែលជាមនុស្សប្រជាធិបតេយ្យក្លែងក្លាយ មាត់ពូកែនិយាយចាក់រុក តែដល់ពេលធ្វើអ្វីមួយ គឺច្រើនតែបំផ្លាញប្រយោជន៍ជាតិរួម” ។

លោកបញ្ជាក់ថា ដរាបណាមាន សម រង្ស៊ី មាននៅក្នុងនយោបាយខ្មែរ គឺប្រទេសជាតិគ្មានថ្ងៃ រកសេចក្ដីសុខចម្រើនឃើញនោះទេ។ ម្ខាងមានសម្ដេចតេជោ ហ៊ុន សែន កាន់អំណាច ដល់ម្ខាងទៀតមានលោក សម រង្ស៊ី ជាមនុស្សអញនិយម សក្ដិភូមិអភិជនទំនើង មាត់ចាក់រុក តែដល់ធ្វើ សកម្មភាព គឺមិនបានការ ។

លោក ជេម សុខ ក៏បានឲ្យប្រជាពលរដ្ឋខ្មែរ ជាអ្នកពិចារណា នៅពេលណាសភាពផ្លូវចិត្តអ្នកនយោបាយប្រុង នឹងរកដំណោះស្រាយបានមួយជំហានៗ ពេលនោះមានព្រាយបិសាច (សម រង្ស៊ី) ចេញសម្ដីមកបង្កទំនាស់ឲ្យខកខាន ឲ្យក្រពុលមុខភ្លាម។ សម្ដីព្រាយបិសាចរបស់ សម រង្ស៊ី មហាចង្រៃណាស់ ដូច្នេះ ប្រជាពលរដ្ឋត្រូវកត់សម្គាល់សម្ដី និងចរិតលក្ខណៈនយោបាយ ព្រាយបិសាច ចិត្តទេវទត្ត មាត់ទេវតានេះឲ្យច្បាស់ ។

សូមរំលឹកថា នាពេលថ្មីៗនែះ តុលាការបានដោះលែងអ្នកទោសមនសិការខ្មែរ រួមមាន៖ អ្នកវិភាគនយោបាយ លោក គឹម សុខ, សកម្មជនការពារសិទ្ធិដីធ្លី អ្នកស្រី ទេព វន្នី និងបក្ខពួកមួយចំនួនទៀត, អតីតបុគ្គលិកអាស៊ីសេរី លោក អ៊ួន ឈិន, លោក យាង សុធារិន, អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post