
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឱ្យសមត្ថកិច្ចត្រៀមចាប់លោក ណុប ប៊ុនហ៊រ មេខ្លោងដែលអំពាវនាវឱ្យទៅទទួលលោក កឹម សុខា ប្រធានអតីបក្សប្រឆាំង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដែលជាថ្ងៃចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានចេញលិខិតអញ្ជើញមេធាវីការពារក្តីលោក កឹម សុខា ឱ្យចូលរួមសវនាការ នៅក្នុងពន្ធនាគារត្រពាំងថ្លុង ស្តីពីការពន្យាពេលឃុំខ្លួនលោក កឹម សុខា បណ្តោះអាសន្ន។

សម្តេច ហ៊ុន សែន ស្រែកខ្លាំងៗថា៖ ស្អែកនៀក គេទៅប្រជុំគ្នានៅត្រពាំងថ្លុង ដើម្បីទទួលពិរុទ្ធជន ហើយមេខ្លោងធំជាងគេ គឺអាណុប ប៊ុនហ៊រ នៅចំការមន។ ផ្តាំអាណុប ប៊ុនហ៊រ ផង ហើយនគរបាលនៅត្បូងឃ្មុំចាំមើល បើចាប់ៗ អាណុប ប៊ុនហ៊រ មុនគេ...
បទបញ្ជានេះធ្វើឡើនៅព្រឹកនៅថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៤,៧៩៩នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ។
សូមបញ្ជាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការស្តីពីការពន្យាពេលឃុំខ្លួនលោក កឹម សុខា។ មានពាក្យចរចាមអារ៉ាមថានឹងមានការដោះលែងលោក កឹម សុខា ក៏ប៉ុន្តែសម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានការដោះលែងលោក កឹម សុខា ឡើយ ដោយសារតែអំពើរបស់លោក កឹម សុខា ជាអំពើក្បត់ជាតិ។