
ភ្នំពេញៈ បើគិតមកត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមគ្រួសារ និងសាច់ញាតិ នៅមិនទាន់រកឃើញជនរងគ្រោះនៅឡើយ ដោយមិនដឹងថា រស់ ឬស្លាប់នោះទេ ខណៈសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ បានបាត់ខ្លួនតាំងពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីជិះម៉ូតូទឹកលំហែកាយតាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ច បានបន្តថា ជនរងគ្រោះឈ្មោះ ហុក ប៊ុនហ៊ុយ ហៅ តាហ៊ុយ អាយុជាង៤៧ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង បច្ចុប្បន្នជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។


សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានយកម៉ូតូទឹក ដែលទើបទិញក្នុងតម្លៃជិត២ម៉ឺនដុល្លារ បើកលំហែកាយតាមដងទន្លេ ស្រាប់តែបាត់ដំណឹងឈឹង មិនដឹងថា គាត់ធ្លាក់ទឹក ឬយ៉ាងម៉េចឡើយ ខណៈម៉ូតូទឹកអណ្តែតមកទើជាប់ដើមត្រែង ហើយត្រូវសមត្ថកិច្ចយកទៅរក្សាទុក។


ក្រោយពីប្រទះឃើញម៉ូតូទឹកខាងលើនេះហើយ ទើបមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនាំគ្នាជួលទូកជួយរក តែរកពុំឃើញសោះ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ខែនេះជារដូវទឹកឡើង ហើយទឹកក៏ហូរខ្លាំងដែរ ដូច្នេះបើសិនជាគាត់ធ្លាក់ទឹកទន្លេ ហើយលង់ស្លាប់មែន សាកសពមិនដឹងថា បានអណ្តែតទៅដល់ទីណាឡើយ៕
