header ads

Sponsor

រិទ្ធី

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ក្រុមរ៉ូបូតកម្ពុជាបានឈ្នះពានរង្វាន់ចំនួន២ នៃការប្រកួតប្រជែងរ៉ូបូតជាលក្ខណៈអន្តរជាតិលើកទី១៧ (17th ABU Robocon 2018) ដែលរៀបចំឡើងនៅខេត្តនីញប៊ីញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់ Robocon Cambodia.

ក្រុមរ៉ូបូតកម្ពុជាបាន បង្កើតប្រវត្តិសាស្រ្តថ្មី ដោយឈានឆ្លងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមិនធ្លាប់មានក្នុងប្រវត្តិនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍នេះ ដោយបានឈ្នះក្រុមមកពីប្រទេសនេប៉ាល់ និងប៉ាគីស្ថានក្នុងវគ្គជម្រុះក្នុងពូល ហើយបន្តឈ្នះប្រទេសថៃក្នុងវគ្គ៨ក្រុមចុងក្រោយ ប៉ុន្តែគួរឱ្យសោកស្តាយ ក្រុមរ៉ូបូតកម្ពុជាបានចាញ់ចិនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមរ៉ូបូតកម្ពុជាបានទទួលពានរង្វាន់ចំនួន២ គឺពានរង្វាន់លេខ៣ស្ទួន និងពានរង្វាន់កិត្តិយសពីក្រុមហ៊ុន Panasonic។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូត លើកទី១៧ ឆ្នាំ២០១៨ (17th ABU Robocon 2018) ដែលរៀបចំឡើងនៅប្រទេសវៀតណាមនេះ មានការចូលរួមពីប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច ចំនួន១៧ប្រទេស ស្មើនឹង១៨ក្រុម ដោយឆ្នាំនេះ ប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១ ប្រទេសចិនលេខ២ ហើយកម្ពុជានិង ជប៉ុនទទួលបានលេខ៣ស្ទួន។

សូមបញ្ជាក់ថា ក្រុមរ៉ូបូតកម្ពុជាតំណាងដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានជ្រើសរើសឱ្យចូលរួមក្នុងការប្រកួត 17th ABU Robocon 2018 តាមរយៈការទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង រ៉ូបូតថ្នាក់ជាតិ ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

គួររំលឹកថា នេះជាឆ្នាំទី២ របស់កម្ពុជា ដែលបានបញ្ជូនក្រុមរ៉ូបូតរបស់ខ្លួនចូលរួម បន្ទាប់ពីឆ្នាំ២០១៧កន្លងទៅបានចូលរួមប្រកួតនៅ ប្រទេសជប៉ុន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post