header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រដ្ឋាភិបាល​ឥណ្ឌា​ នឹងជួយស្ដារឡើងវិញ​ និងផ្ដល់​ពូជដំណាំ ក្រោយមានទឹកជំនន់នៅកម្ពុជា តាមរយៈការចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើន ដែលជាផែនទីចង្អុលផ្លូវសម្រាប់ប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបធ្វើសវនាការ ជាមួយនឹងគណៈប្រតិភូក្រសួងការបរទេសឥណ្ឌា ដឹកនាំដោយលោកស្រី ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា​ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨​ នៅវិមានព្រឹទ្ធសភា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីនាពេលនេះ ដោយចាត់ទុកថា ពិតជានាំមកនូវការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរ តាំងពីយូលង់ណាស់មកហើយ។

លោកស្រីបានលើកឡើងថា​ តាមរយៈដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើន ដែលជាផែនទីចង្អុលផ្លូវសម្រាប់ប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍ និងសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា ការពារជាតិ សុខាភិបាល សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។

លោកស្រី ស៊ុសម៉ា ស្វារ៉ាច បានលើកឡើងអំពីគម្រោងទទួលផលឆាប់រហ័ស ដែលលោកស្រី បានលើកយកមកពិភាក្សាជាមួយនឹងលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះ អាចជួយក្នុងការស្តារអណ្តូងទឹក ការផ្តល់គ្រាប់ពូជ និងការជួសជុលសាលារៀន មន្ទីរពេទ្យ ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់​ ខណៈ​ដែល​ហេដ្ឋារេចនាសម្ព័ន្ធ​ និងផលដំណាំរបស់ប្រជាពលរដ្ឋ ត្រូវបានខូតខាតដោយទឹកជំនន់ផងដែរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានឃើញនូវទំនាក់ទំនងជា មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់ ហើយការីកចម្រើននេះ បានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ច នៃថ្នាក់ដឹកនាំកំពូលជាន់ខ្ពស់ ក្រសួង ស្ថាប័ន និងការផ្លាស់ប្តូររវាងប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ជាមួយគ្នានេះ សម្តេច បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដែលមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ការពារជាតិ សន្តិសុខ សាសនា និងវប្បធម៌។

ជាមួយគ្នានេះ​ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌា ចំពោះការផ្តល់កម្ចីឥណទានសម្បទាន សម្រាប់ការតភ្ជាប់បណ្តាញអគ្គិសនី គម្រោងសាងសង់ និងអភិវឌ្ឍធនធានទឹក ជំនួយដល់​វិស័យអប់រំ (អាហារូបករណ៍វគ្គសិក្សាខ្លី-វែង) ការជួសជុល និងអភិរក្សប្រាសាទនៅក្នុងបរិវេណរមណីយដ្ឋានអង្គរ ជំនួយសម្រាប់សាលាក្តីខ្មែរក្រហម និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងបានបញ្ជូនអ្នកសង្កេតការណ៍របស់ប្រទេសឥណ្ឌា មកចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលតីទី៦ ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព គ្មានអំពើហិង្សា មានលក្ខណៈសេរី  ត្រឹមត្រូវ និងយុត្តិធម៌៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post