header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ បើទោះជាអាជ្ញាធរខេត្ត ខិតខំអភិរក្សសម្បត្តិធម្មជាតិ ដែលជាតំបន់រមណីយដ្ឋាន ភ្នំឥស្សីបត្តមៈ ហៅភ្នំស្វាយ និងខិតខំអភិវឌ្ឍន៍ ស្ថាបនា ដាំកូនឈើ កែលម្អបន្ថែម យ៉ាងណាក៏ដោយ ក៏នៅតែជនល្មើសបំពាន រំលោភ លួចជីកកាយភ្នំ យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ដោយគ្មានកោតញញើតច្បាប់អ្វីបន្តិចសោះឡើយ។

ជាក់ស្ដែងអ្វី ដែលធ្វើឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មានការសោកស្ដាយនោះ គឺតំបន់រម្មណីយដ្ឋានភ្នំឥស្សីបត្តមៈ ហៅភ្នំស្វាយ ផ្នែកខាងជើង ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានគេជីកកកាយ រំលាយភ្នំ យកធ្វើកម្មសិទ្ធិ បើទោះជា អាជ្ញាធរក្រុងចុះហាមឃាត់ជាច្រើនលើកយ៉ាងណាក៏ដោយ។

តាមការឲ្យដឹងពីលោក ងិន ណែល អភិបាលក្រុងបានលុង បានឲ្យដឹងថា អ្នកដែលយកគ្រឿងចក្រទៅជីកកកាយភ្នំនេះ ឈ្មោះ វណ្ណ ផល្លី ជានាយកសាលា អន្តរជាតិអាស៊ានប្រ៊ីជ ដែលមានទីតាំងស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

លោកថា ការចុះហាមឃាត់មិនអនុញ្ញាត ឲ្យជីកកកាយភ្នំនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ គឺជាលើកទី៣ហើយ ដែលជនល្មើសខាងលើ ហាក់បីដូចជាមានការរឹងទទឹង និងការហាមឃាត់របស់អាជ្ញាធរក្រុង។

លោកបានបន្ថែមទៀតថា ដោយសារមានការយោគយល់ អាជ្ញាធរក្រុង មិនឃាត់គ្រឿងចក្រ មិនបានធ្វើកិច្ចសន្យាបញ្ឈប់ការជីកកកាយភ្នំនេះទេ គឺគ្រាន់តែហាមឃាត់ផ្ទាល់មាត់ថា បើសិននៅតែធ្វើសកម្មភាពបន្តទៀត អាជ្ញាធរក្រុងនិងមានវិធានការទៅតាមផ្លូវច្បាប់ហើយ។

លោក ប៊ុ ជីវ័ន្តណារ៉ា ប្រធានភូមិបាលក្រុងបានលុង បានបញ្ចាក់ថា ភ្នំស្វាយទាំងមូល រួមទាំងជើងភ្នំស្វាយផងនោះ ជាតំបន់អភិរក្សរបស់អាជ្ញាធរខេត្ត ត្រូវរក្សាភាពដើម មិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ជីកកកាយឲ្យខុសលក្ខណៈដើមនោះទេ បើសិនជាដាំដុះដំណាំផ្សេងៗ ទទួលផលតាមជើងភ្នំអាចបាន។

ដោយឡែកលោក ញ៉ែម សំអឿន អភិបាលរងខេត្ត និងលោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត មិនអាចសុំការបំភ្លឺណាមួយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកលើក។ ជុំវិញបញ្ហាខាងលើនេះ។

លោក វណ្ណ ផល្លី នាយកសាលាអន្តរជាតិអាស៊ានប៊្រីជ  ដែលបាននាំអាអ៊ិចចូលកាយឈូសឆាយដីភ្នំវត្តឥស្សីបត្តមៈ បានឲ្យអ្នកសារព័ត៌មានយើងដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៣ខែសីហានេះថា វាជាដីកម្មសិទ្ធិរបស់លោក មានលិខិតស្នាមស្លាបមាន់ត្រឹមត្រូវ តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ(ជំនាន់រដ្ឋកម្ពុជា)។

លោកថា ចំពោះអាជ្ញាធរចុះមករារាំងសួរនាំបញ្ហាលោកកំពុងធ្វើសកម្មភាពឈូសឆាយនេះ ធ្វើឲ្យលោកមានការងឿងឆ្ងល់ថា ដីនេះ នៅក្នុងព្រះរាជក្រិត្យគ្រប់គ្រងភ្នំ ដល់ខណៈដែលលោកទៅសួរខាងព្រះរាជក្រិត្យគ្រប់គ្រងភ្នំ ថា ចំណុចណា? គេអត់ច្បាស់ដែរ។

ទោះជាយ៉ាងណា ជនដែលយកគ្រឿងចក្រទៅជីកកកាយ តំបន់រម្មណីយដ្ឋានធម្មជាតិក្នុងខេត្ត  ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងធ្វើឲ្យភ្ញៀវទេសចរមានការសោកស្ដាយខាងលើនេះ ហាក់ដូចជាផ្គើននិងអាជ្ញាធរក្រុង មិនកោតញញើត នឹងច្បាប់។

អាជ្ញាធរខេត្តមិនគួរមានការលើកលែងឲ្យជនខាងលើនេះទេ ពីព្រោះទង្វើយ៉ាងគឃ្លើ​នប្រឆាំងជាមួយអាជ្ញាធរក្រុងខាងលើនេះ អាជ្ញាធរខេត្តហាក់មិនមានតម្លៃចំពោះជនល្មើសខាងលើនេះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post