header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក មាជ សុវណ្ណារ៉ា អតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកមិនរត់ទៅណានោះទេ ពោល គឺនៅបន្តធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជា បន្តទៀត គឺធ្វើនយោបាយជាមួយកូនសម្តេចតេជោ ហ៊ុន សែន តែម្តង។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកនយោបាយជើងចាស់មួយរូប មានភាពវៃឆ្លាត និងចង់ឲ្យខ្មែរ ឯកភាពគ្នា។

ការអះអាងបែបនេះ បន្ទាប់ពីលោក មាជ សុវណ្ណារ៉ា និងសកម្មជន១៣នាក់អ្នកផ្សេង ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ កាលពីយប់ថ្ងៃទី២៨ ខែសីហាកន្លងមកនេះ។

លោក មាជ សុវណ្ណារ៉ា បានឲ្យដឹងក្រោយចេញពីពន្ធនាគារយ៉ាងដូច្នេះថា លោកមិនរត់ទៅណាទេ គឺនៅធ្វើនយោបាយបន្តទៀត។ ធ្វើនយោបាយជាមួយកូនសម្តេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត, លោក ហ៊ុនម៉ានី ដែលជាអ្នកនយោបាយវ័យក្មេងដូចគ្នា។

លោកបន្តថា ការធ្វើនយោបាយរបស់លោកកន្លងមក គឺធ្វើនយោបាយប្រឆាំងតែគោលនយោបាយតែប៉ុណ្ណោះ លោកមិនចង់ឲ្យខ្មែរ កាប់សម្លាប់គ្នានោះទេ។ ចង់ឲ្យខ្មែរ ចេះស្រឡាញ់គ្នា ដើម្បីប្រទេសជាតិ។

សកម្មជនអតីតបក្សប្រឆាំងរូបនេះ ក៏បានអះអាងដែរថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកធ្វើនយោបាយជើងចាស់មួយវៃឆ្លាត និងមានប្រាជ្ញាខ្លាំងណាស់ ហើយសម្តេច មិនទុកឲ្យអ្នកនយោបាយណាមួយស្លាប់ ឬបិទផ្លូវនយោបាយនោះទេ។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា "ខ្ញុំនៅតែមានជំនឿថា សម្តេចតេជោ ហ៊ុន សែន មិនបិទផ្លូវនយោបាយនោះទេ។ អ្នកដឹកនាំកំពូលចេះណាស់ តែខ្ញុំចង់ឲ្យក្មេងៗជំនាន់ក្រោយ រៀនធ្វើនយោបាយដោយប្រើបញ្ញា កុំធ្វើនយោបាយលាបពណ៌ កាប់សម្លាប់គ្នា ដែលទង្វើមួយហួសសម័យហើយ"

យ៉ាងណាក្តី លោក មាជ សុវណ្ណារ៉ា បានអះអាងថា លោកនៅតែធ្វើនយោបាយបន្តទៀត ដោយមិនរត់ចោលស្រុកនោះទេ ពោល គឺនៅធ្វើនយោបាយជាមួយកូនសម្តេចតេជោ គឺលោក ហ៊ុន ម៉ាណែត លោក ម៉ានី បន្តទៀត។

លោក មាជ សុវណ្ណារ៉ា ក៏បានអរគុណដល់ព្រះមហាក្សក្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បានជួយការពារ និងជូនសកម្មជនមកដល់គេហដ្ឋានផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post