header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ យានដ្ឋាន ជាម ម៉េងឈាង នៅតែបន្តយកចិញ្ចើមផ្លូវលេខ២១ ជាកន្លែងតាំងលក់រថយន្ត ដើម្បីផលប្រយោជន៍ខ្លួនដដែល ទោះបីជាអាជ្ញាធរក្រុងតាខ្មៅ និងជំនាញចរាចរណ៍ សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះទៅរៀបចំ និងដេញជាច្រើនលើកច្រើនសារក៍ដោយ។​ ទង្វើរបស់ម្ចាស់ទីតាំងយានដ្ឋាននោះ ហាក់បង្ហាញពីភាពមិនខ្លាចញញើត ឬស្តាប់ការណែនាំឡើយរបស់សមត្ថកិច្ចឡើយ ដែលធ្វើឲ្យពលរដ្ឋរិះគន់ដល់លោក នូ សុវណ្ណារ៉ា អភិបាលក្រុងថា អសមត្ថភាពក្នុងការរៀបចំ។

រថយន្តជាច្រើនគ្រឿង មានគ្រប់ម៉ាក បានចតដាក់ផ្លាកលក់រថយន្តនៅលើចិញ្ចើមផ្លូវយ៉ាងសង្ហារ មិនក្រែងភ្នែកអាជ្ញាធរ និងពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើយ។ រថយន្តទាំងអស់នោះ ជារបស់ម្ចាស់យានដ្ឋានយីហោ ជាម ម៉េងឈាង យកមកចតដាក់ទុកសម្រាប់លក់ជារៀងរាល់ថ្ងៃ។

ទីតាំងដែលម្ចាស់យានដ្ឋាន ជាម ម៉េងឈាង យករថយន្តទៅថតដាក់ទុកលក់នោះ ស្ថិតនៅផ្លូវក្រាលការ៉ូឡា ផ្លូវលេខ២១ ចំណុចមុខសាលាភូមិភាគខេត្តកណ្តាល និងមុខសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

វរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ឲ្យដឹងថា លោកបានឲ្យជំនាញកម្លាំងចរាចរណ៍ក្រុងតាខ្មៅ ចុះទៅណែនាំម្ចាស់យានដ្ឋានខាងលើជាច្រើនលើកច្រើនសារហើយ តែម្ចាស់យានដ្ឋាននោះ ហាក់បីមិនស្តាប់ទាល់តែសោះ។ លោកបន្ថែមទៀតថា លោកបានរាយការណ៍ទៅគណៈបញ្ជារការឯកភាពក្រុងហើយ លោកអភិបាលបានកំពុងរៀបចំវិធានការ។

ពាក់ពន្ធ័នឹងរឿងរាវខាងលើនេះដែរ អ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ តែលោកឆ្លើយថា កំពុងរវល់។

សូមរំឭកថា នៅថ្ងៃសុក្រ ៥រោច ខែវិសាខ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ កម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោក ហេង ចិន្តា អធិការរងទទួលផ្នែកសណ្តាប់ធ្នាប់ បានប្រើប្រាស់កម្លាំងចំនួន៦នាក់ ចុះណែនាំដល់ម្ចាស់យាន្តយន្តគ្រប់ប្រភេទ ដែលបានដាក់តាំងលក់រថយន្តលើផ្លូវក្រាលការ៉ូឡា នៅចំណុចមុខសាលាភូមិភាគខេត្តកណ្តាល និងមុខសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ឲ្យបញ្ឈប់ជាបន្ទាន់នូវការដាក់តាំងលក់រថយន្តចាប់ពីរសៀលថ្ងៃទី៤ ខែឩសភា ឆ្នាំ២០១៨នេះតទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post