
ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យសមាគមមិត្តភាពកម្ពុជា-វៀតណាម បន្តការងាររបស់ខ្លួន ដោយអនុលោមតាមច្បាប់ នៅកម្ពុជា ដើម្បីរក្សាសន្ដិភាព ស្ថេរភាព ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ។
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ បដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀតណាម ថ្ងៃទី២ កញ្ញា និងពិធីរំលឹកខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសមាគមខ្មែរ-វៀតណាម នៅកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានមានប្រសាសន៍ថា កម្ពុជា-វៀតណាម ជាមិត្តស្និទ្ធស្នាល និងអ្នកជិតខាងល្អ ដែលធ្លាប់បានរួមសុខរួមទុក្ខជាមួយគ្នា នៅក្នុងប្រវត្ដិសាស្រ្តជាច្រើនដំណាក់កាលមកហើយ។ បច្ចុប្បន្នប្រទេសទាំងពីរ បានឈានចូលទំព័រថ្មី នៃប្រវត្ដិសាស្រ្ត ដោយសម្រេចបាន សន្ដិភាព បូរណភាព ទឹកដី វឌ្ឍនភាព ការអភិវឌ្ឍ និងបានបោះជំហានឈានឆ្ពោះទៅមុខ ប្រកបដោយភាពជឿជាក់ ក្នុងការរួមចំណែកដល់សុខសន្ដិភាព កិច្ចសហប្រតិបត្ដិការ វិបុលភាព ការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

លោកស្រី បានជំរុញឲ្យសមាគមមិត្តភាពកម្ពុជា-វៀតណាម បន្តការងាររបស់ខ្លួន ដោយអនុលោមតាមច្បាប់ នៅកម្ពុជា និងគោរពតាម លក្ខន្តិកៈថ្មីរបស់សមាគម ដែលក្រសួងមហាផ្ទៃបានយល់ព្រម ដើម្បីរក្សាសន្ដិភាព ស្ថេរភាព ការបង្កើនល្បឿន អភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកស្រី បានអបអរសាទរដល់សមាគមខ្មែរ វៀតណាម នៅកម្ពុជា ដែលបានបង្កើតឡើងអស់រយៈពេល៣០ឆ្នាំមកហើយ ខណៈដែលសមាគម បានរួមចំណែកក្នុងការជួយឧបត្ថម្ភ និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ-វៀតណាម ដែលកំពុងរស់នៅក្នុងកម្ពុជា។
ជាការឆ្លើយតប លោក វូ ម៉ៅ ប្រធានសមាគមមិត្តភាពវៀតណាមឥ-កម្ពុជា បានលើកឡើងថា សមាគម ជាពិសេស អ្នកវិនិយោគ ពាណិជ្ជករ ដែលដែលកំពុងរស់នៅស្របច្បាប់នៅប្រទេសកម្ពុជា នឹងគោរពទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ និងប្រតិបត្ដិតាមច្បាប់កម្ពុជា ហើយរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរុងរឿងថែមទៀត។
លោកថា ការគោរពច្បាប់នៅកម្ពុជានេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្ដិការរវាងប្រជាជនខ្មែរ និងប្រជាជនវៀតណាមបន្ថែម និងរួមសាមគ្គីគ្នាលើកកម្ពស់ជីវភាពរស់នៅនៃប្រជាជនប្រទេសទាំងពីរអោយកាន់តែប្រសើរឡើងបន្ថែមទៀត៕