header ads

Sponsor

ពិសី

ភ្នំពេញៈ គ្រូបង្រៀន២នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បើកការជំនុំជម្រះផ្ទាល់ នឹងបានប្រកាសសាលក្រមភ្លាមៗ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងម្នាក់៦ខែ តែទោសនោះ ត្រូវបានព្យួរទាំងអស់ ក្រោមការចោទប្រកាន់ពីបទលួច ពាក់ព័ន្ធ និងករណីលួចថ្នាំជ្រលក់ដៃរបស់គណកម្មការជាតិរៀបចំការបោះឆ្នោត គ.ជ.ប​។

ជនជាប់ចោទម្នាក់ ឈ្មោះ ទែន រតនា ភេទប្រុស អាយុ៤២ឆ្នាំ និង ម្នាក់ឈ្មោះ ជា សុធារី ភេទស្រី អាយុ៤៦ឆ្នាំ ជាគ្រូបង្រៀននៅអនុវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនជាប់ឈ្មោះ ជា សុធារី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទលួច ចំណែកជនជាប់ឈ្មោះ ទែន រតនា ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើលួចទឹកខ្មៅជ្រលក់ចង្អុលដៃរបស់ គ.ជ.ប ។

ប្រភព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យ​ដឹងថា កាលពីព្រឹកថ្ងៃទី៣១ កក្កដា សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនគ្រូបង្រៀន ដែលជាជនជាប់ចោទ២នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការធ្វើការសាកសួរ រឿងលួចទឹកខ្មៅជ្រលក់ចង្អុលដៃរបស់ គ.ជ.ប។

ប្រភពព័ត៌មាន ឲ្យដឹងទៀតថា ដំបូងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកគ្រូ ជា សុធារី តែម្នាក់ទេ ប៉ុន្តែក្រោយការសាកសួរយកចម្លើយអ្នកគ្រូ បានជាប់ពាក់ពន្ធទៅនិងលោកគ្រូម្នាក់ទៀត ទើបតំណាងអយ្យការតម្រូវឲ្យសមត្ថកិច្ចនាំខ្លួន​មកទាំងពីរនាក់តែម្ដង។

នៅក្នុងសវនាការនាសាលាដំបូងរាជធានីភ្នំពេញ អ្នកគ្រូបានសារភាពថា បានជាគាត់លួចយកទឹកខ្មៅ គ.ជ.ប នោះ ដោយសារលោកគ្រូបានពឹងពាក់ឲ្យគាត់ ជួយយកដបទឹកថ្នាំខ្មៅនោះមកជ្រលក់ដៃ ព្រោះលោកគ្រូជាប់រវល់នៅថ្ងៃបោះឆ្នោតមិនបានទៅបោះឆ្នោតនិងគេ និងមិនមានស្នាមទឹកខ្មៅជាប់ចង្អុលដៃដូច ដូច្នោះបានជាគាត់យកឲ្យ។

ចំណែកលោកគ្រូវិញ បានបដិសេធទៅ និងសំដីអ្នកគ្រូ ដែលចោទប្រកាន់យ៉ាងដូច្នោះ  ហើយលោកគ្រូក៏បានតបទៅអ្នកគ្រូវិញថា ខ្ញុំគ្រាន់តែនិយាយថា បើសិនជាខ្ញុំមិនបានទៅបោះឆ្នោត ខ្ញុំអាចសុំទឹកថ្នាំខ្មៅរបស់ គ.ជ.ប មកជ្រលក់ចង្អុលដៃបានអត់ ?

ទោះបីលោកគ្រូបដិសេធក៏ដោយ ក៏តំណាងអយ្យការនៅតែតម្កល់ការចោទប្រកាន់ពីបទលួច ហើយស្នើអោយចៅក្រមសម្រេចតាមច្បាប់។

ចៅក្រមជំនុំជម្រះ​ លោក ពេជ្រ វិជ្ជាធរ បានសម្រេចភ្លាមៗផ្ដន្ទាទោសគ្រូបង្រៀនទាំង២នាក់ដាក់ពន្ធនាគារ៦ខែ តែទោសនេះត្រូវព្យួរទាំងអស់ ក្រោមការចោទប្រកាន់ពីបទលួច និងសមគំនិតលួច។ បន្ទាប់មកតុលាការបានអនុញាតឲ្យ​ជនត្រូវចោទទាំង២នាក់ត្រឡប់ទៅផ្ទះវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post