ភ្នំពេញៈ ក្រុមក្មេងដើរលេងយប់ ផឹកស៊ី ចូលក្លឹប លេងល្បែង បែកគំនិត វាយប្លន់ម៉ូតូពីអ្នកដំណើរតាមផ្លូវចំនួន៥នាក់ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការចាត់ការតាមច្បាប់ ក្រោយពីសមត្ថកិច្ចសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួនបាន។
ជនសង្ស័យទាំង៥នាក់ខាងលើ ទី១ ឈ្មោះ នុត សិត ហៅអាវែង ភេទប្រុស ជាបងធំ ប្រចាំក្រុម អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ពេលថ្ងៃ ពេលយប់ដើរប្លន់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានភូមិកំណើតភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពងរោទ៍ ខេត្តស្វាយរៀង ។ ទី២ ឈ្មោះ សៀម វណ្ណរី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិគៀនតាសៀវ ឃុំស្វាយយ៉ា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ទី៣ ឈ្មោះ សៀម វណ្ណរ៉ា ហៅឆាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ធ្វើចោរ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតគៀនតាសៀវ ឃុំស្វាយយ៉ា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ទី៤ ឈ្មោះ ម៉ៅ ថែល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ទើបចូលរួមជាសមាជិកក្រុមខាងលើ មានស្រុកកំណើត ភូមិ ចំការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរខេត្តព្រៃវែង ។ ទី៥ ឈ្មោះ លៀប អុីសា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សមាជិកក្រុមប្លន់ ស្នាក់នៅផ្ទះឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យមានស្រុកកំណើតនៅភូមិព្រៃលាន ឃុំរំលេច ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។
តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យមួយក្រុមនេះ កន្លងមកតែងដើរធ្វើសកម្មភាព បង្កអសន្តិសុខក្នុងសង្គមពេលរាត្រី បើមានឱកាសល្អសម្រាប់ពួកគេ ឈានដល់វាយប្លន់យកម៉ូតូ ទ្រព្យសម្បត្តិ ពីអ្នកដំណើរទៀតផង កន្លងមកពួកគេ បានវាយប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេច នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ១។ ក្រុមជនសង្ស័យខាងលើ បន្ទាប់ពីសមត្ថកិច្ចខណ្ឌពោធិសែនជ័យបង្ក្រាបចាប់ខ្លួនបានបន្តបន្ទាប់ សរុបចំនួន៥នាក់៕