កំពង់ឆ្នាំង: ផ្លូវ១ខ្សែប្រវែង (២៥១៦ម) កំពុងធ្វើការស្ថាបនា ដោយក្រុមការងារក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាននាយកដ្ឋាន ភ័ស្តភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
ផ្លូវមួយខ្សែនេះ (ផ្លូវលេខ ៥១) គឺតភ្ជាប់ពីផ្លូវជាតិលេខ៥ (ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង) ទៅភ្ជាប់ជាមួយផ្លូវលេខ ៥៣ ស្រុកទឹកផុស (ចំណុចភ្នំសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ) និងត្រូវអ៊ុតកៅស៊ូប្រភេទ AC។
ផ្លូវ១ខ្សែខាងលើនេះពីមុនក៍បានធ្វើរួចម្តងមកហើយ មានចាក់កៅស៊ូ ប៉ុន្តែបានរងនូវការខូចខាតដោយរថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ប្រភេទខ្នាតធំ ដោយក្រុមហ៊ុនឯកជនជាអ្នកបំផ្លាញ។
សូមបញ្ជាក់ថា លោកនាយឧត្តមសេនី ឈន សារ៉ាណេ ត្រូវបាន ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិលោក ឈន សារ៉ាណេ ជានាយនគរបាលថ្នាក់នាយឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ ក៏ត្រូវបានតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានឋានៈស្មើអនុរដ្ឋលេខាធិការ៕