
ភ្នំពេញៈ យុវតីរូបស្រស់ស្អាតម្នាក់ រួមនឹងមិត្តភក្តិប្រុសស្រី២នាក់ទៀត ត្រឡប់មកពីកម្មវិធីជប់លៀង បានបើករថយន្ត Pirus មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្តូតទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតចំហៀងខាងឆ្វេងបន្តិចប៉ុណ្ណោះ តែខ្ទាតរបាំងថ្មផ្ងារជើងអស់១កង់ តែមិនបណ្ដាលឲ្យរងរបួសនោះទេ ហើយអ្នកទាំងបីមិនបានគេចខ្លួនឡើយ សុខចិត្តអង្គុយក្នុងរថយន្ត រង់ចាំប្រគល់សោឲ្យសមត្ថកិច្ច ពេលមកដល់។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨នេះ ត្រង់ចំណុចខាងជើងស្តុបនាងគង្ហីង តាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។


សាក្សីនៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក TOTOTA Pirus មួយគ្រឿង ពណ៌ស្ករ បើកបរដោយយុវតីរូបស្រស់ស្អាតម្នាក់ (មិនស្គាល់អត្តសញ្ញាណ) រួមនឹងមានមិត្តភក្តិប្រុសស្រី២នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ ត្រឡប់មកពីកម្មវិធីជប់លៀងមួយ បំណងត្រឡប់ទៅផ្ទះវិញ ដោយបើកបរក្នុងល្បឿនលឿនពេក ទើបពេលមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្តូតទៅបុកទ្រូងផ្លូវពេញទំហឹង លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តខូចខាតចំហៀងខាងមុខផ្នែកខាងឆ្វេងបន្តិចប៉ុណ្ណោះ តែខ្ទាតរបាំងថ្មផ្ងារជើងបាក់អស់១កង់ តែមិនបណ្ដាលឲ្យរងរបួសនោះទេ ដោយសារមានភាពទទួលខុសត្រូវខ្ពស់ យុវតីជាអ្នកបើករថយន្តបង្ក ព្រមទាំងមិត្តភក្តិប្រុសស្រី២នាក់ទៀត សុខចិត្តអង្គុយក្នុងរថយន្ត រង់ចាំសមត្ថកិច្ចមកដល់។


បន្តិចក្រោយមកស្រាប់តែក្រុមអ្នកសារព័ត៌មានជាច្រើនបានមកដល់ ហើយភ្នាក់ងារ CAM POST យើងបានប្រាប់ថា ប្អូនស្រី គួរចុះពីលើរថយន្តសិនមក បើបើករថយន្តបង្កគ្រោះថ្នាក់ហើយ មិនព្រមចុះពីលើរថយន្ត ប្រយ័ត្នល្បីណា ទើបប្អូនស្រីឆ្លើយ ចាស! ចាំតិចបង ពួកខ្ញុំចុះលូវហើយ ។ បន្តិចក្រោយមកយុវតីរូបស្រស់ខាងលើ និងមិត្តភក្តិ បានចុះមក តែដោយសារតែឃើញក្រុមអ្នកសារព័ត៌មានប្រមាញ់រូបប្អូនស្រី និងសុំសម្ភាសន៍ ទើបប្អូនស្រីឆ្លើយបដិសេធ ហើយសុំកុំឲ្យថតនាងអី នាងព្រមទទួលខុសត្រូវលើការបង្កគ្រោះថ្នាក់ខាងលើនេះ និងបានរង់ចាំសមត្ថកិច្ចចុះមកដល់សិន។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ គ្រាន់តែយុវតីរូបស្រស់ឃើញភ្លាម រត់ទៅប្រគល់កូនសោរថយន្តឲ្យសមត្ថកិច្ច និងព្រមឲ្យដោះស្រាយតាមច្បាប់ រួចប្រញាប់ប្រញាល់ហៅ Pass App ឡើងជិះចេញពីកន្លែងកើតហេតុបាត់ទៅ។
បន្តិចក្រោមមក ទើបសមត្ថកិច្ចទាក់ទងទៅសមត្តកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនិតិវិធីផ្លូវច្បាប់៕



