
បាត់ដំបងៈ ជនសង្ស័យជាឃាតក២នាក់ ដែលបានបាញ់សម្លាប់សង្សារ ហើយរត់គេចខ្លួនទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនឲ្យសមត្ថកិច្ចកម្ពុជាវិញ។ នេះបើតាមសេចក្ដីរាយការណ៍បឋមពីភ្នាក់ងារសារព័ត៌មាន Cam Post ប្រចាំខេត្តបាត់ដំបង រាយការណ៍ឲ្យដឹងមុននេះ។

តាមសេចក្ដីរាយការណ៍ ជនសង្ស័យឈ្មោះ ប៉ុន ផ្រោះ ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ អួន វឿនណា ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានតម្រួតថៃ ចាប់ខ្លួនបាននៅក្នុងខេត្តចាន់ថាក់បុរី ប្រទេសថៃ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។ ជនសង្ស័យទាំងពីរ បច្ចុប្បន្នរស់នៅខេត្តបាត់ដំបង ត្រូវបានបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជា ខេត្តបាត់ដំបងវិញ នៅថ្ងៃចាប់ខ្លួននេះតែម្ដង តាមច្រកអន្តរជាតិប៉ោយប៉ែត។

ប្រតិបត្តិការចាប់ខ្លួនឃាតកវ័យក្មេងខាងលើនេះ ធ្វើឡើងបន្ទាប់ពីពួកគេបានបាញ់សម្លាប់នារីជាសង្សាររបស់ខ្លួននៅស្រុកខ្មែរ។ បន្ទាប់ពីធ្វើសកម្មភាព ជនសង្ស័យទាំងពីរ បានរត់ឆ្លងដែនគេចខ្លួនចូលទឹកដីថៃ ទើបត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួនតែម្ដង៕
