សៀមរាបៈ ជនជាតិចិន២នាក់ សង្ស័យមកស្រុកខ្មែរ មិនដឹងធ្វើការងារ ឬក៏ចាញ់ល្បែងអស់លុយពីខ្លួន បានជាបែកគំនិតជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបលុយពីបងប្អូនអាជិវករម្នាក់ តែសំណាងអាក្រក់មិនបានសម្រេច ហើយក៏ជាប់ខ្នោះរបស់សមត្ថកិច្ច។
អធិការនគរបាលស្រុកសូទ្រនិគម លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានឲ្យដឹងនៅមុននេះបន្តិចថា គ្រាន់តែលោកទទួលដំណឹងពីបងប្អូនពលរដ្ឋរាយការណ៍ថា មានករណីចោរឆក់កាបូបលុយ ហើយបានជិះម៉ូតូគេចខ្លួនតាមផ្លូវជាតិលេខ៦ ពេលនោះរូបលោកបានបញ្ជាឲ្យកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលស្រុកសូទ្រនិគម នឹងប៉ុស្តិ៍របាលចាំស្ទាក់គ្រប់ទីកន្លែង រហូតធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិចិន នឹងដកហូតម៉ូតូជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿងម៉ាករីវ៉ូ សេរី១៩៩៩ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1X2046 នៅចំណុចឃុំកៀនសង្កែ ស្រុកសូទ្រនិគម។
លោកអធិការបន្តថា ជនរងគ្រោះឈ្មោះ យឹម ចន្ថា ហៅស្រី ភេទស្រី អាយុ៥៦ឆ្នាំ ទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរលក់ត្រី។ ចំណែកជនសង្ស័យសមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណនៅឡើយទេ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក រួចធ្វើកំណត់ហេតុបញ្ជួនជនសង្ស័យទាំង២នាក់ទៅមន្ត្រីជំនាញអន្តោប្រវេសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ការតាមនីតិវិធីផ្លូវច្បាប់បន្ត៕