header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២២ ខែសីហា កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក បានធ្វើការបញ្ជូនជនជាតិចិន ចំនួន៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលជនជាតិចិនទាំង៥ បានជាប់ពាក់ព័ន្ធនឹងបទល្មើសចំនួន៣ករណី សុទ្ធសឹងជាបទល្មើសឧក្រិដ្ឋ។

ជនសង្ស័យ ១.ឈ្មោះ LEE JUNG CHUEN ហៅ LAO LY ភេទប្រុស អាយុ៥២ឆ្នាំ ២.ឈ្មោះ CHEN CHEN ហៅ PANG ZHI ភេទប្រុស អាយុ៣៤ឆ្នាំ ៣.ឈ្មោះ WANG XIANWEI ភេទប្រុស អាយុ២៣ឆ្នាំ ៤.ឈ្មោះ ZU ZHAN CIANG ភេទប្រុស អាយុ៣៦ឆ្នាំ និង៥.ឈ្មោះ ZHANG YOUNG JIAN ភេទប្រុស អាយុ២៧ឆ្នាំ។

ដើមចម នៃការឃាត់ខ្លួនជនសង្ស័យជាជនជាតិ៥នាក់នោះ បញ្ជូន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេបង្ហើបឲ្យដឹងថា កាលពីវេលាម៉ោង២និង១៥នាទី រំលងអធ្រាត្រចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងសមត្តកិច្ចនគរបាលខណ្ឌទួលគោក ទទួលបានពាក្យបណ្តឹងផ្ទាល់មាត់មួយពីជនរងគ្រោះជាជនជាតិចិនដូចគ្នាថា មានជនជាតិចិនមួយក្រុម បាន និងកំពុងចាប់បង្ខាំងមនុស្ស នៅចំណុចអគារសម្រាប់ជួល ដីឡូតិ៍លេខ២ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១។ ក្រោយពីទទួលបានបណ្តឹងផ្ទាល់មាត់នោះ នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ បានធ្វើការស្រាវជ្រាវជាបន្ទាន់ ដោយមានការសហការជាមួយនគរបាលខណ្ឌសែនសុខ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ និងមានការសម្របសម្រួលពីសំណាក់ស្ថាប័នអយ្យការអមសាលាដំបូង នៅវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែសីហា ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់តែម្ដង។

ប្រភពព័ត៌មានបន្តថា ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនទាំងនេះ បានរកឃើញបទល្មើសជាក់ស្តែងចំនួន៣បទល្មើស ១.បទកំហែងយក(គំរាមទារប្រាក់) ២.បទលួច(លួចកាបូលុយជនរងគ្រោះចំនួន២០.០០០ដុល្លារអាមេរិក និងលិខិតឆ្លងដែនមួយក្បាល) និង៣.បទបង្ខាំងទុកធ្វើទារណកម្មជំរិតទារប្រាក់(យកដែកដងអំបោស កូនកាំបិតវះដៃ យកខ្សែចំណងពណ៌ស ចងជើងជនរងគ្រោះ ដោយធ្វើទារណកម្មលើជនរងគ្រោះ បណ្តាលឲ្យរងរបួសច្រើនកន្លែង គំរាមជំរិតទារប្រាក់ចំនួន២០០.០០០យ័ន្ត ដែលប្រព្រឹត្តនៅ៣ទីតាំងផ្សេងគ្នា។

ទីតាំងដែលជនសង្ស័យប្រព្រឹត្តបទល្មើសរួមមាន ទីតាំងទី១.(បទល្មើសកំហែកយក) បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះជួលលេខ៩២ ផ្លូវ១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទីតាំងទី២.បទល្មើស(លួច)កើតហេតុកាលពីវេលាម៉ោង២និង១៥នាទី រំលងអធ្រាត្រចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់លេខ៤០០ នៃសណ្ឋាគារ RAVER STA ដែលស្ថិតនៅផ្លូវលេខ១១៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

និងទីតាំងទី៣.បទល្មើស(បង្ខាំងទុកជំរិតទារប្រាក់) កើតហេតុកាលពីវេលាម៉ោងប្រហែល២និង៤០នាទី រំលងអធ្រាត្រចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចអគារសម្រាប់ជួល ដីឡូតិ៍លេខ២ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តីនគរបាលបង្ហើបឲ្យដឹងថា ដោយយោងទៅលើពាក្យបណ្តឹងផ្ទាល់មាត់ និងជាករណីបង្ក្រាបជាក់ស្តែង រួមទាំងចម្លើយជនសង្ស័យទាំង៥នាក់ មានភាពស៊ីសង្វាក់ប្រហាក់ប្រហែលគ្នា សមត្ថកិច្ចនគរបាលខណ្ឌទួលគោក បានសន្មត់ការចោទប្រកាន់ចំនួន៣បទល្មើស ដូចបានរៀបរាប់ខាងលើនេះ។ បន្ទាប់មក ជនសង្ស័យក៏ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមផ្លូវច្បាប់។

រហូតដល់រសៀលថ្ងៃទី២២ ខែសីហានេះ លោក តុប ឈុនឡុង ព្រះរាជអាជ្ញារងអមសាលាដំបូង បានសម្រេចចោទប្រកាន់ជនជាតិចិនទាំង៥នាក់ ហើយបញ្ជូនទៅឲ្យ​ចៅក្រមឃុំខ្លួន ដើម្បីស៊ើបសួរនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post