header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ បុរសពិការម្នាក់ រួមជាមួយប្រពន្ធ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិ ដឹកយកទៅព្យាបាលនៅឯរាជធានីភ្នំពេញភ្លាមៗ ខណៈដែលបុរសវ័យចំណាស់ចិត្តភ្លើងម្នាក់ នៅផ្ទះក្បែរគ្នា ខឹងរឿងបុរសរងគ្រោះនិយាយលេង រឿងបុរសចំណាស់លួចនំចំនួន៤កញ្ចប់ យកឲ្យចៅ ថា ប្តឹងសមត្ថកិច្ចឲ្យឃាតខ្លួន ស្រាប់តែបុរសចំណាស់ចិត្តឆេវឆាវនេស្ទុះទៅទាញកាំបិតផ្គាក់កាប់បុរសពិការ និងស្ត្រីជាប្រពន្ធដែលទៅជួយ បណ្តាលឲ្យរងរបួសតែម្តង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះបុរសរងគ្រោះក្នុងភូមិតាមិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

បើតាមសម្តីរបស់លោក អន យុទ្ធហុង អធិការរងនគរបាលស្រុកឱរ៉ាល់ទទួលផែនព្រហ្មទណ្ឌបាននិយាយឲ្យដឹងតាមទូរសព្ទ័ថា កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅបុរសចំណាស់ជាជនសង្ស័យបានទៅលួចនំកូនក្មេង (ចំនួន៤កញ្ចប់ ១កញ្ចប់តំលៃ១ពាន់រៀល) ដើម្បីយកទៅឲ្យចៅៗរបស់គាត់ហូប ពេលនោះបានដឹងដល់បុរសរងគ្រោះ ដែលជាមនុស្ស (ពិការផងនោះ) ហើយក៏បាននិយាយលេងជាមួយបុរសជនសង្ស័យខាងលើថា ពូឯងលួចនំខ្ញុំ ប្រយត្ន័ខ្ញុំប្តឹងឲ្យសមត្ថកិច្ចចាប់ហើយ បុរសរងគ្រោះនិយាយលេងក្នុងនាមជាអ្នកជិតខាងគ្នាហើយ កន្លងមកបុរសរងគ្រោះតែងតែមានចិត្តសណ្តោសប្រណី ធ្លាប់ជូនលុយកាក់ របស់របរ ដល់បុរសជាជនដៃដល់នោះក្នុងន័យ អាណិតអាសូរ(ជាអ្នកទីទាល់ក្រ) រស់នៅក្បែរគ្នា ដោយមិននឹកស្មានថា បុរសចំណាស់ខាងលើ ខឹងខ្លាំងរហូតដល់ថ្នាក់នេះសោះ ។

លោក អធិការរងបានបន្តទៀតថា បុរសជាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ​ យ៉ុង កេន ​ អាយុ៦៧ឆ្នាំ ដើរស៊ីឈ្នួលគេ ក្នុងភូមិ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ដោយគ្រាន់តែឮថា បុរសរងគ្រោះជាមនុស្សពិការ ហើយពូកែរកស៊ីថែមទៀតផងនោះ មានការច្រណែនផង និងខឹងឆេវឆាវមួយពេល ក៏ស្រាប់តែម៉ោង០៧យប់ ថ្ងៃទី២៤ ខែសីហា បានទាញកាំបិតផ្គាក់ទៅកាប់បុរសរងគ្រោះ ដែលជាជនពិការផងនោះ ពេលឃើញដូចនោះ ស្ត្រីជាប្រពន្ធបានចូលទៅឃាត់ស្រាប់តែបុរសចិត្តចំណាស់ចិត្តភ្លើងបានកាប់ទាំងប្រពន្ធបុរសពិការទៀតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយក៏មានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋរស់នៅក្បែរខាងរាយការណ៍ទៅនគរបាលធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ ។

លោកអធិការរងបានបន្តទៀតថា បុរសជាជនរងគ្រោះមានឈ្មោះ សុខ ហុន អាយុ៣៨ឆ្នាំជាជនពិការ (ខ្វិនដៃ ជើង) ត្រូវ របួសចំនួន០៦កាំបិត ពេលប្រពន្ធ ទៅជួយប្តីជនសង្ស័យបានកាប់ទៅលើប្រពន្ធឈ្មោះ ញ៉ញ យីម អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា ត្រូវក្បាលជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ទាំង០២នាក់ប្តីប្រពន្ធពេលនេះ សាច់ញាតិនឹងអ្នកភូមិកំពុងបញ្ជូនទៅព្យាបាលនៅភ្នំពេញ ។ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗបន្ទាប់ពីកើតហេតុយកមកសាកសួរនាំ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុករង់ចាំកសាងសំណុំរឿងបញ្ជូនបន្តទៅ កាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបន្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post