ថៃៈ ពលករខ្មែរម្នាក់ ត្រូវជាអតីតស្វាមី និងជាមនុស្សចូលចិត្តសេពគ្រឿងស្រវឹង និងតែងតែវាយធ្វើបាបភរិយា កាលពីមិនទាន់មានការលែងលះ បានស្លាប់ក្នុងថ្លុកឈាម គេសង្ស័យថាឃាតកអាចជាភរិយារបស់គេ បន្ទាប់ពីរូបគេបានធ្វើដំណើរទៅរកប្រពន្ធវិញទាំងកណ្តាលអធ្រាត្រ។
អំពើឃាតកម្មនេះ គឺអាចកើតឡើងនៅពេលរំលងអធ្រាត្រយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅខាងមុខអគារស្នាក់របស់កម្មករលេខ៥២ ស្ថិតនៅប៉ែកខាងក្រោយ រោងចក្រចែអាសំបូរ ផារ៉ាវូត ក្នុងភូមិ១ឃុំឆាកដូនស្រុកខ្លែង ខេត្តរៈយ៉ង ប្រទេសថៃ ។
ម្ចាស់ហាងលក់ទំនិញនៅខាងមុខរោងចក្រ ឈ្មោះ វិទូ បាននិយាយថា នៅកណ្តាលអធ្រាត្រលោកបានឮឈ្មោះ ឡាច មកគោះទ្វារ ដើម្បីទិញស្រា តែលោកមិនបានបើកលក់ឲ្យនោះទេហើយគេក៏បានជិះម៉ូតូចូលទៅក្នុងរោងចក្របាត់ទៅ ដែលទំនងជាទៅរកប្រពន្ធរបស់គេវិញព្រោះពួកគេទាំង២នាក់ ជាពលករខ្មែរ ព្រមទាំងបានលែងលះគ្នាជាយូរមកហើយ ដោយសារបុរសជាប្តីនេះ តែងតែវាយធ្វើបាបប្រពន្ធញឹកញាប់ ក្រោយផឹកស៊ីស្រវឹងម្តងៗ។
ដោយឡែកអ្នករស់ជាប់បន្ទប់ នាង ម៉ៃ បានឲ្យដឹងថា នៅយប់នោះ គាត់ក៏បានដឹងដែរថា បុរសជាអតីតប្តីបានជិះម៉ូតូមករកភរិយាវិញ ដល់ក្នុងបន្ទប់ ដោយគេមិនបានចាប់អារម្មណ៍ថាអាចនិងមានរឿងអ្វីកើតឡើងនោះឡើយ ដោយសារតែយប់ជ្រៅពេក លុះព្រឹកឡើងក៏មានការភ្ញាល់ផ្អើលដោយពួកគេបើកបន្ទប់ចេញមកឃើញបុរសជាប្តីដេកស្លាប់នៅខាងមុខបន្ទប់ រីឯប្រពន្ធនិងកូនតូចៗ បានចេញបាត់ពីបន្ទប់ស្ងាត់អស់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ ឃើញថា សពមានស្លាកស្នាមចាក់នឹងកាំបិតចំលើដើមទ្រូងមួយកាំបិត ប្រវែងប្រមាណ៥សង់ទីម៉ែត្រ ដោយមានឈាមហូរពេញដី និងមានកាំបិតចុងស្រួច ប្រលាក់ដោយឈាមបន្សល់ទុកនៅក្នុងបន្ទប់ផងដែរ ទើបសមត្ថកិច្ចសន្និដ្ឋានថា ឃាតកអាចជាភរិយា។
សមត្ថកិច្ច បន្តទៀតថា ស្រ្តីជាភរិយាលមិនអាចគេចទៅណាឆ្ងាយឡើយ ព្រោះមិនមានស្គាល់អ្នកណាទេ ឬក៏អាចវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសមត្ថកិច្ចបានទាក់ទងទៅតាមបណ្តាច្រកនានាអស់ហើយ ដើម្បីធ្វើការឃាត់ខ្លួនស្ត្រីជាឃាតកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕