ភ្នំពេញៈ កម្មកររោងចក្រកាត់ដេរយីហោ «JU LI» ជាង២០០នាក់ បានប្រមូលផ្ដុំគ្នាបិទផ្លូវ ធ្វើបាតុកម្មទាមទារប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ការងារ ក្រោយពីរោងចក្របិទទ្វារមិនដំណើរការជាច្រើនថ្ងៃ បន្ទាប់ពីថៅកែចងកសម្លាប់ខ្លួន កាលពីពេលថ្មីៗកន្លងទៅ។
ការបិទផ្លូវធ្វើបាតុកម្មរបស់កម្មករខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខសិប្បកម្ម «JU LI» ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាកប២ ខណ្ឌពោធិ៍សែនជ័យ។
ក្រុមកម្មករ បាននិយាថា រោងចក្រមួយនេះបានបិទទ្វារជាច្រើនថ្ងៃមកហើយ ព្រោះថៅកែបានស្លាប់ទាំងប្ដីប្រពន្ធ ដោយប្រពន្ធឈ្មោះ LI FUZI ជនជាតិចិន អាយុ៣៨ឆ្នាំ បានស្លាប់ដោយសារជំងឺនៅប្រទេសចិន កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨។ ចំណែកប្ដីឈ្មោះ KOR JU អាយុ៤៩ឆ្នាំជាជនជាតិកូរ៉េ ត្រូវបានកម្មករប្រទះឃើញចងកស្លាប់ កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ក្រោយប្រពន្ធស្លាប់ចោលគាត់ ខូចចិត្តយ៉ាងខ្លាំង ក៏ផឹកស្រាស្រវឹងរាល់ថ្ងៃ។ សពមានសភាពហើមស្អុយនៅលើជាន់ទី២ ផ្ទះជួលលេខ៦០៧អា ផ្លូវលេខ៦៨កា ភូមិ ចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្មករបានបន្តទៀតថា បន្ទាប់មករោងចក្រនេះបានបិទទ្វារ ចំណែកកម្មករជាង២០០នាក់ បានស្វែងរកអ្នកទទួលខុសត្រូវលើប្រាក់ឈ្នួល និងប្រាក់អតីភាពការងារផ្សេងៗ ប៉ុន្តែអត់មានដំណោះស្រាយឡើយ ទើបឈានដល់ធ្វើបាតុកម្មនាំបិទផ្លូវមុខ ដើម្បីពន្លឿនរកដំណោះស្រាយ។
ជុំវិញករណីនេះ លោក វង្ស សុវណ្ណ អគ្គលេខាធិការរងនៃគណៈកម្មាធិការសម្រាប់ដោះស្រាយបាតុកម្ម និងកូដកម្មនៃក្រសួងការងារ បានសំណូមពរសុំឲ្យកម្មករស្ងៀមស្ងាត់ ដោយលោកបានបញ្ជាក់ថា ក្រុមការងាររបស់លោកបានស្រូតដៃស្រូតជើងធ្វើការជូនហើយ។ ពេលនេះកំពុងរៀបចំឯកសារដាក់ជូនរាជរដ្ឋាភិបាល និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីស្នើសុំថវិកាបុរេប្បទាន នេះហើយ។
ទន្ទឹមនោះដែរ លោកអគ្គលេខាធិការរង បានសំណូមពរដល់បងប្អូនកម្មករទាំងអស់ធ្វើយ៉ាងណាជួយសហការជាមួយក្រុមការងារ និងអនុញ្ញាតឲ្យខាងរដ្ឋបាល និងគណនេយ្យបានចូលប្រមូលយកឯកសារពាក់ព័ន្ធផ្សេងៗយកទៅសហការជាមួយក្រុមការងារ ធ្វើការនេះ ឲ្យបានរហ័ស និងដើម្បីឲ្យការងារដំណើរការបានលឿនផងដែរ៕