អគ្គព្រះរាជអាជ្ញារង លោក ឈួន ចាន់ថា បានអញ្ជើញលោក ផាន់ ច័ន្ទស័ក្តិ មេធាវីការពារក្តីលោក កឹម សុខា ចូលតុលាការកំពូលនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ដើម្បីចូលរួមសវនាការអំពីដំណើររឿងសន្និដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ)។ នេះបើយោងតាមលិខិតអញ្ជើញចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។
គិតមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នេះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិត្រូវបានតុលាការឃុំខ្លួន អស់រយៈពេល១១ខែហើយ ដើម្បីបន្តនីតិវិធីស៊ើបសង្កេតលើករណីសន្និដ្ឋិភាពជាមួយបរទេស។ តើលោក កឹម សុខា អាចត្រូវដោះលែងនៅឆាប់ៗនេះដែរឬទេ?
លោកស្រី ម៉េង សុភារី មេធាវីការពារក្តីឱ្យលោក កឹម សុខា បានពន្យល់ថា៖ ក្នុងករណីដែលតុលាការរកមិនឃើញ ភស្តុតាងដាក់បន្ទុកលើកូនក្តីរបស់លោកស្រីទេ នោះតុលាការអាចចេញដីកាដំណោះស្រាយទម្លាក់ការចោទប្រកាន់នេះ ឬបញ្ជូនសំណុំរឿងទៅជំនុំជម្រះ។ ប៉ុន្តែបើតុលាការយល់ថាករណីលោក កឹម សុខា នៅមិនទាន់ស៊ើបអង្កេតចប់សព្វគ្រប់ នោះតុលាការអាចបន្តការពន្យារពេល៦ខែទៀត ជាលើកទី២។
លោកស្រី ម៉េង សុភារី បានបញ្ជាក់ថា៖ ការពន្យាពេលអាចធ្វើឡើងបាន២ដង ប៉ុន្តែស្ថិតនៅក្នុងក្របខណ្ឌ ដែលបញ្ជាក់ឱ្យឃើញថា ការស៊ើបអង្កេតនោះ វាមានការចាំបាច់បំផុតទើបអាចពន្យាពេលស៊ើបអង្កេតម្ដងទៀត។
ប៉ុន្តែលោកស្រីយល់ថាគ្រប់គ្រាន់ហើយ ដូច្នេះការពន្យារពេលលើកក្រោយ តុលាការគួរតែសម្រេចទម្លាក់បទចោទដល់កូនក្តីលោកស្រី ឬក៏សម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះតែម្ដង។ នេះជាការយល់ឃើញរបស់លោកស្រី តែវាជាការសម្រេចរបស់ចៅក្រមស៊ើបសួរ។
ទាក់ទងនឹងករណីលោក កឹម សុខា នេះដែរ មានបណ្ដាប្រទេសអន្តរជាតិជាច្រើនបានស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ដោយឡែក លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថាការដោះលែងអ្នកនយោបាយណាម្នាក់ គឺជាសិទ្ធិអំណាចរបស់តុលាការ រដ្ឋាភិបាលគ្មានសិទ្ធិអ្វីជ្រៀតជ្រែកលើប្រព័ន្ធយុត្តិធម៌ តាមការអំពាវនាវរបស់អន្តរជាតិឡើយ។
តែទោះជាយ៉ាងណា លោក ហង្ស វិទូ អ្នកវិភាគវ័យក្មេង បានមើលឃើញថា ក្រោយការបោះឆ្នោតនៅកម្ពុជា ស្ថានការណ៍នយោបាយនឹងមានការប្រែប្រួល ដើម្បីកុំឱ្យអន្តរជាតិវាយតម្លៃលើកម្ពុជាក្នុងផ្លូវអាក្រក់។ ប៉ុន្តែគ្មានការបោះឆ្នោតឡើងវិញទេ។
គួររំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។