header ads

Sponsor

ពិសី

ភ្នំពេញៈ បន្ទាប់ពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្ដ្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ចប់ទៅដោយរលូន និងមានប្រទេសមួយចំនួន ក៏បានសម្ដែងការសាទរផងដែរនោះ អតីតគណបក្សសង្គ្រោះជាតិ(CNRP) ចេញថ្លែងការណ៍ ស្វាគមន៍ចំពោះការថ្កោលទោស យ៉ាងទូលំទូលាយ ដោយបណ្ដារដ្ឋាភិបាលជាច្រើន នៅជុំវិញពិភពលោក ចំពោះដំណើរការនៃការបោះឆ្នោតនៅកម្ពុជា ដែលចាត់ទុកថា មិនមានប្រជាធិបតេយ្យ និងមិនគោរពតាមឆន្ទៈប្រជាពលរដ្ឋ។

យោងតាមការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិ រៀបចំការបោះ ឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោត ចំនួន៨២, ៨៩% បន្ទាប់ពីការស្រង់លទ្ធផលបឋម នៅគ្រប់ការិយាល័យទាំង២២.៩៦៧។

យោងតាមសេចក្ដីថ្លែងការណ៍ របស់អតីត CNRP នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា “គណបក្សសង្គ្រោះជាតិ ស្វាគមន៍ចំពោះការថ្កោលទោសយ៉ាងទូលំទូលាយ ដោយបណ្ដារដ្ឋាភិបាលជាច្រើនជុំវិញ ពិភពលោក ចំពោះដំណើរការនៃការបោះឆ្នោត នៅកម្ពុជា ដែលចាត់ទុកថា មិនមានប្រជាធិតេយ្យមានដូចជា, ប្រទេសកាណាដា (ក្លែងក្លាយ), សហរដ្ឋអាមេរិក (គួរឲ្យបារម្ភយ៉ាងខ្លាំង) ,អូស្ដ្រាលី (មិនស្របច្បាប់) ,សហភាពអឺរ៉ុប (មិនតំណាងឲ្យឆន្ទៈប្រជាធិតេយ្យ របស់ប្រជាពលដ្ឋ) និងខ្វះភាពជឿទុកចិត្តបាន សហភាពអរ៉ុប”។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា អតីត CNRP គាំទ្រនូវការបញ្ជាក់ជំហរយ៉ាងរឹងមាំ របស់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក បារាំង កាណាដា អូស្ដ្រាលី និងបណ្ដាលប្រទេសជាច្រើនផ្សេងទៀត ដោយបានបញ្ជាក់ថា ការរំលាយ អតីតCNRP ការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងការព្យួរសិទ្ធិ នយោបាយរយៈពេល៥ឆ្នាំ របស់តំណាងរាស្ដ្រ និងមន្ដ្រីអតីត CNRP គឺជាករណីមិនអាចទទួលយកបានឡើយ ហើយជាការបោះជំហានដើរ ថយក្រោយនៃដំណើរការលទ្ធិប្រជាធិតេយ្យ នៅកម្ពុជាដែលមានរយៈពេល២៥ឆ្នាំមកហើយ។

អតីត CNRP ក៏បានបន្ដទៀតថា ការប្រកាន់យកជំហរ យ៉ាងច្បាស់លាស់ទាំងនេះ ដោយសហគមន៍អន្ដរជាតិ ភាគច្រើនធ្វើឡើង បន្ទាប់ពីបណ្ដាប្រទេសជាមិត្តជាច្រើន ដែលធ្លាប់តែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា កន្លងមក រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចុងក្រោយនេះ មានប្រទេសជប៉ុន បានសម្រេចចិត្តដកការគាំទ្រទាំងស្រុងដល់ ដំណើរការបោះឆ្នោតនេះ និងមិនបញ្ជូនអ្នកសង្កេតការណ៍ របស់ខ្លួនសម្រាប់ថ្ងៃបោះឆ្នោតនៅកម្ពុជា។

ប្រតិកម្មរបស់សហគមន៍អន្ដរជាតិ ទាំងអស់នេះ បង្ហាញពីការយល់ស្រប និងគាំទ្ររបស់សហគមន៍ អន្ដរជាតិចំពោះការអះអាង របស់ អតីត CNRP ដែលថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសផ្ដាច់ ការទាំងស្រុង។

ជុំវិញការបោះឆ្នោតនេះផងដែរ ក្រសួងការបរទេសខ្មែរ ក៏បានចេញសេចក្ដី ថ្លែងការណ៍ថា អ្នកបោះឆ្នោតនៅ កម្ពុជា ជិត៧លាននាក់ បានជ្រើសរើសមេដឹកនាំរបស់ខ្លួន ហើយគ្រប់គ្នាដាច់ខាតត្រូវ គោរពការជ្រើសរើសនេះ ទោះបីប្រជាជនកម្ពុជា ឬជនបរទេស ជនសាមញ្ញ អ្នកសារព័ត៌មាន សកម្មជន ឬក៏អ្នកការទូត វាជាការជ្រើសរើសរបស់ជាតិខ្មែរ ហើយវាគឺជា អធិបតេយ្យភាពជាតិ ដែលត្រូវតែគោរព។

សូមរំឭកថា តាមការសង្កេតមើលពី សាធារណៈមតិនានា បានឲ្យដឹងថាការបោះឆ្នោត នៅកម្ពុជាគឺជាការបោះឆ្នោតមួយ ដែលបញ្ចប់ទៅដោយភាពស្ងប់ស្ងាត់ល្អ និងមានលក្ខណៈល្អប្រសើរ រលូន ខណៈការបោះឆ្នោតកាលពីឆ្នាំ២០១៣ មានបញ្ហា ជាច្រើនដោយ អតីតគណបក្សសង្គ្រោះជាតិ ជាអ្នកបង្កបញ្ហា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post