ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការដោះលែងជនជាប់ចោទមួយចំនួន ជាស្មារតីបង្រួបបង្រួមជាតិរបស់ថ្នាក់ដឹកនាំប្រទេស។
ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ បន្ទាប់ពីតុលាការបានដោះលែងជនជាប់ចោទមួយចំនួន ដូចជា លោក គឹម សុខ អ្នកវិភាគសង្គម លោកស្រី ទេព វន្នី អតីតសកម្មជនដីធ្លី និងសហការរី៣នាក់ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់ កាលពីកន្លងមកនេះ។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២២ ខែសីហានេះថា ការដោះលែងជនជាប់ចោទមួយចំនួន គឺជាស្មារតីបង្រួបបង្រួមជាតិ នៃថ្នាក់ដឹកនាំប្រទេស ជាឆន្ទានុសិទ្ធិ និងនីតិវិធីរបស់តុលាការ ហើយវាគ្រាន់តែគាប់ជួនពេលវេលាតែប៉ុណ្ណោះ មិនមែនការដោះលែងបានមក ដោយសារមានគំនាបណាមួយពីខាងក្រៅ ឬដោយការតស៊ូរបស់មជ្ឈដ្ឋានប្រឆាំងណាមួយឡើយ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏សំណូមពរអ្នកវិភាគទាំងគ្រហស្ថ ទាំងបុព្វជិត មេត្តាកុំឆ្លៀតយកការបាននៅក្រៅឃុំបណ្តោះអាសន្ន និងការដោះលែងអ្នកជាប់ចោទធ្វើជាប្រធានបទវាយប្រហារមកលើការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ហើយជៀសវាងការនិយាយញុះញង់ ដែលនាំឲ្យបែកបាក់ជាតិឲ្យសោះ៕