ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាកើឌុប) បានបញ្ចប់កាលពីថ្ងៃម្សិលមិញ ការប្រឡងនេះមានការចូលរួមសង្កេតការណ៍ពីគណៈមេប្រយោគ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) សហភាពសហព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី និងអ្នកសង្កេតការណ៍អន្តរជាតិ៤រូបផងដែរ។
អ្នកសង្កេតការស្ម័គ្រចិត្តរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ៤ នាក់ជាបរទេស ដែលធ្លាប់បានសង្កេការណ៍ច្រើនឆ្នាំ ហើយខែមេសា កន្លងទៅនេះ ទើបទៅសង្កេតការណ៍ប្រឡងនៅហ្វីលីពិនផងដែរ បានវាយតម្លៃការប្រឡងបាក់ឌុបនៅមណ្ឌលវិទ្យាល័យឥន្ទ្រទេវី និងក្រសួងអប់រំ យុវជន និងកីឡាថា៖ ខ្ញុំសូមអបអរសាទរក្រសួងអប់រំអំពីការកែទម្រង់ជោគជ័យនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ។ ឆ្នាំនេះខ្ញុំបានសង្កេតឃើញការប្រឡងពីដើមដល់ចប់។ មិនត្រឹមតែជាការប្រឡងតឹងរឹងនិងយុត្តិធម៌នោះទេប៉ុន្តែសិស្សបានគ្រប់គ្រងខ្លួនឯងហើយផ្តោតលើការងាររបស់ពួកគេ។ នេះគឺជារលកសង្គមដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិអស់រយៈពេលជាច្រើនឆ្នាំទៅមុខ។
ដោយឡែគ មន្ត្រី ACU និងអ្នកសង្កេតការស្ម័គ្រចិត្ត គឺលោក CASEY BARNETT បានផ្ញើសារមកថា៖ អបអរសាទរ អ្នកបានធ្វើកាតព្វកិច្ចដ៏ធំធេងចំពោះប្រទេសរបស់អ្នក។ ខ្ញុំសូមប្រគល់កិត្តិយសដ៍ថ្លៃថ្លានេះជូនលោក ទួន ភារា ប្រធានមណ្ឌលវិទ្យាល័យឥន្ទ្រទេវី និងសហការី និងសូមជូនឯកឧត្តមសភាចារ្យ ហង់ ជួន ណារ៉ុន ដែលបានកែទម្រង់ការប្រឡងដ៏ជោគជ័យ។
សូមបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨ នឹងប្រកាសជូន នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ចំពោះមណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ។ ដោយឡែកបណ្ដាខេត្តផ្សេងទៀត នឹងប្រកាសជូននៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា។