
ភ្នំពេញៈ ជារៀងរាល់ថ្ងៃហើយដែលមានករណីចោរឆក់ ស្ទើគ្រប់ខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញនេះ ជាក់ស្ដែងមុននេះជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ខ្សែក ពីស្ដ្រីម្នាក់ដែលកំពុងជិះម៉ូតូជាមួយប្ដី និងកូនស្រី២នាក់ បានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ហើយបុរសជាប្ដីបានព្យាយាមបន្ថែមល្បឿនដេញតាម ក៏ជ្រុលទៅប៉ះរថយន្ត Lexus មួយគ្រឿងបណ្ដាលឲ្យដួលរងរបួសស្រាលទាំង៤នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលបីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្តុបស្ថានទូតចិន ផ្លូវម៉ៅសេទុង កែងផ្លូវ១៧៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។


យោងតាមសម្ដីរបស់ស្ដ្រីរងគ្រោះបានរៀបរាប់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ ដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CE-5956 ជាមួយប្ដី និងកូនស្រី២នាក់ ធ្វើដំណើរតាមផ្លូវ១៧៣ ទិសដៅពីត្បូងទៅជើង ដោយមិនដឹងថាមានជនសង្ស័យតាមគាត់មកពីណាទេ ចុះមកដល់ចំណុចស្តុបស្ថានទូតចិន កែងផ្លូវម៉ៅសេទុង ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ Honda Dream មិនចាំស្លាកលេខម្នាក់មួយគ្រឿង មកអែបក្បែរហើយធ្វើសកម្មភាពឆក់ខ្សែករបស់គាត់ បានសម្រេច ដោយមានជនសង្ស័យម្នាក់ទៀតជិះម៉ូតូ Honda Dream មិនចាំស្លាកលេខមួយគ្រឿងទៀត មកអែបបិទគូទ រួចបន្ថែមល្បឿនជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ទើបគាត់ស្រែក ចោរៗ ធ្វើឲ្យប្ដីរបស់គាត់បន្ថែមល្បឿនព្យាយមដេញតាម តែក៏ជ្រុលទៅប៉ះរថយន្ត Lexus RX300 មួយគ្រឿងបណ្ដាលឲ្យដួលរងរបួសស្រាលទាំង៤នាក់ ហើយជនសង្ស័យក៏បានជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ភ្លាមនោះគាត់ក៏បានសុំទោសម្ចាស់រថយន្ត ដោយប្រាប់ថា នេះអចេតនាទេ ដោយសារតែគាត់ព្យយាមជិះដេញតាមចោរឆក់ខ្សែករបស់គាត់ ទើបជិះទៅប៉ះរថយន្តដូច្នេះ ដោយសារតែភាពយោគយល់ និងអាណិតផងនោះ ម្ចាស់រថយន្តក៏បានឆ្លើយថា មិនអីទេ លើកក្រោយជិះប្រយ័ត្នប្រយែងផង រួចបើករថយន្តបន្តទៅមុខបាត់ ។


ស្ដ្រីរងគ្រោះមិនបានស្គាល់អត្ដសញ្ញាណនោះទេ បានរៀបរាប់ប្រាប់ឲ្យដឹងថា ខ្សែកដែលចោរឆក់យកទៅបាត់នោះមានតម្លៃជាង២៥០$ តែដោយសារតែកូនៗរបួស និងភ័យផង គាត់ក៏មិនបានទៅប្ដឹងអីដែរ ។
ក្រោយពេលកើតហេតុទើបឃើញកម្លាំងសមត្ថកិច្ចចុះមកជួយអន្ដរាគមន៍នៅកន្លែងកើតុហេតុ និងនាំស្ដ្រីរងគ្រោះទៅដាក់ពាក់បណ្ដឹងដែរ តែស្ដ្រីរងគ្រោះមិនព្រមទៅទេ ក៏បានបន្តដំណើរជាមួយប្ដី និងកូនៗ ត្រលប់ទៅផ្ទះវិញទាំងទឹកមុខអស់សង្ឃឹមបំផុត ។
សូមបញ្ជាក់ថាជារៀងរាល់រាត្រីគេតែងឃើញវត្តមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលទំនប់ទឹក ប្រចាំការនៅជិតកន្លែងកើតហេតុនេះដែរ តែយប់ថ្ងៃសែនក្បាលទឹកនេះ សោកស្ដាយដែលមិនឃើញសមត្ថកិច្ចចេញល្បាត និងត្រៀមលក្ខណៈអន្តរាគមន៍បង្ក្រាបទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានឡើយ ទើបធ្វើឲ្យក្រុមចោរធ្វើសកម្មភាពបានសម្រេចបែបនេះ បើនៅច្បាស់ជាមិនគេចខ្លួនងាយៗដូច្នេះទេ៕




