Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាសម្ដែង លោក ហង្ស សម្បើមស័ក្ដ បានបង្ហោះសារទារលុយផលិតកម្មមហាហង្សជុំវិញថតរឿង «សង្គ្រាមមរតក» ដោយបញ្ចាំងឡើងចប់ទៅហើយ ប៉ុន្តែនៅតែមិនបានបើកលុយ ដែលសេសសល់នោះ លោក ហេង នរៈកក្កដា និងលោក អ៊ិន សុភិន ត្រូវគេឃើញថា ចេញមុខប្រតិកម្មតែម្ដង។ ទស្សនៈរបស់អ្នកទាំងពីរ បានធ្វើឲ្យ​ម្នាក់ៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្រទាប់មហាជនកំពុងថ្លឹងថ្លែងថា ភាគីលោក ហង្ស សម្បើមស័ក្ដ ដែលប្រកាសទារលុយ គឺជាការ​ត្រឹមត្រូវ ឬការបកស្រាយរបស់ផលិតករ និងតារាសម្ដែងទាំង២ គឺជារឿងសមស្របជាង។

លោក ហង្ស សម្បើមស័ក្ដ

លោក ហេង នរៈកក្កដា បានបង្ហោះនៅលើហ្វេសប៊ុកថា «ខ្ញុំសូមបញ្ចេញយោបល់បន្តិច សម្រាប់​ខ្ញុំថតឲ្យ​ផលិតកម្ម (មហាហង្ស) ខ្ញុំដូចជាអត់ ដែលមានបញ្ហាកើតឡើងចឹងសោះ ចុះមិចគេគ្រប់ៗគ្នា មានបញ្ហារហូតចឹងដូចរាល់ថ្ងៃនេះចឹង ខ្ញុំកំពុងបំពេញការងារឲ្យ​ផលិតកម្ម (មហាហង្ស) គឺខ្ញុំកំពុងតែថតរឿង(ព្រលឹង) ខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំថតឲ្យ​គាត់ខ្ញុំស៊ីថ្ងៃ ហើយកុងត្រាបាននិយាយថា ថតចប់បានមួយអាទិត្យបើកលុយមែន! ខ្ញុំថតចប់បានមួយអាទិត្យខ្ញុំ បានបើកលុយទាំងអស់មែន ហើយស្រួលធ្វើការជាមួយខាងពួកគាត់ទៀត.! តែមិចបានពួកគាត់តែងតែមានបញ្ហារហូតចឹងតែសម្រាប់​ខ្ញុំ គឺវាមិនដែលមានរឿងអីកើតឡើងសោះ អ្វីដែលសំខាន់បំផុត គឺយើងត្រូវមកថតឲ្យ​ទាន់ពេលវេលា គោរពតាមលក្ខខណ្ឌក្នុងកុងត្រា នឹងតាមនៅអ្វីដែលយើងនិយាយគ្នា..! ខ្ញុំសង្ឃឹមថា ភាគីទាំងសងខាងនឹងដោះស្រាយបញ្ហានេះបានឆាប់ៗនេះ»

លោក ហេង នរៈកក្កដា

ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានឆ្លើយបញ្ជាក់ថា ហេតុផលដែលខាងមហាហង្សមិនព្រមបើកលុយ៥០ភាគរយឲ្យ​លោក ហង្ស សម្បើមស័ក្ដ គឺបណ្ដាលមកពីលោកមិនបានមកថតភាពយន្តរឿង «សង្គ្រាមមរតក» ឲ្យ​ចប់សព្វគ្រប់តាមអ្វី ដែលបានព្រមព្រៀងនោះទេ ដោយភាពយន្តទាំងមូលមានចំនួន៥០ភាគ តែភាពយឺតយ៉ាវ ដែលបណ្ដាលមកពីលោក ហង្ស សម្បើមស័ក្ដ មិនមានពេលថតឲ្យ​គ្រប់គ្រាន់ ទើបធ្វើឲ្យ​ក្រុមហ៊ុនសម្រេចចិត្តកាត់ប្លង់មួយចំនួនចោល ហើយថតបានតែ៣៨ភាគអោយខាងទូរទស្សន៍។ លោកបានបញ្ចេញឯកសារបណ្ដឹងមួយ ដែលមេធាវីតំណាងឲ្យ​ក្រុមហ៊ុន បានជូនដំណឹងឲ្យ​លោក ហង្ស សម្បើមស័ក្ដ មកបំពេញការងារអោយចប់សព្វគ្រប់ ដើម្បីកុំអោយមានការសងថ្លៃខូចខាតរបស់ផលិតកម្ម ឬត្រូវបង្កកប្រាក់កម្រៃមិនទាន់បើក។ យ៉ាងណាមិញ លោកថា ខ្លួនសុខចិត្តតម្កល់ពាក្យ​បណ្ដឹងនោះ ដោយនៅតែប្រកាន់ជំហរបើកលុយឲ្យ​គ្រប់ដដែល ដោយគ្រាន់តែសម្រេចចិត្តបង្កក់ឲ្យ​យូរបន្ដិតប៉ុណ្ណោះ ដើម្បីឲ្យ​បានដឹងថា បើពេលថតរឿងធ្វើបាបផលិតករ គឺផលិតករត្រូវអោយធ្វើបាបវិញពេលសុំបើកលុយ។

លោក ហង្ស សម្បើមស័ក្ដ បង្ហោះសំណេរថ្មីជាការឆ្លើយតបនោះទេ ក្រៅតែពីការបានបង្ហោះដដែលថា «ជំរាបសួរបងប្រុសអូនឧស្សាហ៍ខ្ញុំខលទៅបង គឺជាប់រវល់រហូត ហើយខ្ញុំបានឆាតទៅបងក៏គ្មានការឆ្លើយតបដែរ មូលហេតុ ដែលជំរុញឲ្យ​ខ្ញុំផុសព្រោះមិនមានវិធីទាក់ទងបងបាន​សន្យាបើកលុយបញ្ចប់80%​ ក្នុងរឿង “សង្រ្គាមមរតក” ដែលបានដាក់បញ្ចាំងចប់បរិបូណ៍ហើយនៅស្ថានីយទូរទស្សន៍​មួយ ហើយលើកថ្ងៃជាមួយខ្ញុំ៤ដង ហើយពេលនេះខ្ញុំត្រូវការប្រើប្រាស់ចាំបាច់ បើបងបានឃើញ ហើយសូមទាក់ទងមកប្អូនវិញផង ព្រោះគួរតែគោរពសម្តីខ្លួនឯង យើងបានចរចាគ្នាថា នឹងបើកបញ្ចប់ហើយ បើនៅតែគ្មានការឆ្លើយតបពីបងប្រុសអូនឧស្សាហ៍វាត្រូវជំរុញអោយខ្ញុំសុំចម្លើយពីលោកអគ្គនាយកផលិតកម្ម ដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនសូមអគុណ!»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor