ភ្នំពេញៈ អតីតសមាជិកសភា របស់អតីតគណបក្សសង្គ្រោះជាតិ លោក គង់ សភា បានវាយប្រហារប្អូនប្រុសបង្កើត ដែលព្រមទទួលយកតួនាទីជាទីប្រឹក្សានាយករដ្ឋមន្ត្រី។
ការលើកឡើងរបស់លោក គង់ សភា ត្រូវជាបងបង្កើតលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ហើយត្រូវជាកូនបង្កើតលោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ។
លើសពីនេះ ការលើកឡើងរបស់លោក គង់ សភា នេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយអនុញ្ញាតឲ្យគណបក្សនយោបាយ ដែលមិនជាប់ឆ្នោតក្នុងការបោះឆ្នោត ចំនួន១៥ ធ្វើជាទីប្រឹក្សា។
សម្រាប់ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានលោក គង់ សភា ចោទជាសំណួរថា តើជាចាំបាច់ទេ ដើម្បីបង្កើតឧត្តមក្រុមប្រឹក្សា និងផ្ដល់យោបល់?
លោកបញ្ជាក់យ៉ាងដូច្នេះថា "ខ្ញុំយល់ថា នោះជាឆាកល្ខោនក្នុងការបិទបាំង និងបំភាន់ភ្នែកអន្តរជាតិតែប៉ុណ្ណោះ។ ព្រោះថា បក្សប្រឆាំងដ៏ខ្លាំងមួយ ដែលធ្លាប់រិះគន់ ផ្តល់យោបល់ និងធ្វើជាកញ្ចក់សម្រាប់ឆ្លុះ ដើម្បីស្ថាបនាកែលម្អ នូវត្រូវបានជនផ្តាច់ការ មិនទទួលយកយោបល់ទាំងនោះ ហើយត្រូវបានរំលាយ និងបិទសិទ្ធិសេរីភាពមិនឲ្យធ្វើនយោបាយ ដើម្បីចូលរួមប្រកួតប្រជែង ចុះបក្សល្អិតល្អោចទាំងនោះផ្តល់យោបល់ តើជនផ្តាច់ការយកគំនិតទៅអនុវត្តន៍ ដែរឬទេ?"។
សម្រាប់ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាវិញ បានយល់ឃើញផ្ទុយគ្នាពីលោក គង់ សភា ដោយយល់ថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មិនមែននាំគ្នាលក់ជាតិ ឬបំផ្លាញជាតិនោះទេ ចុះហេតុអ្វីបានជាអ្នកនយោបាយ និងអ្នកគាំទ្រនយោបាយមួយចំនួន គិតអាក្រក់ចំពោះសកម្មភាពនេះទៅវិញ.....?។
លោកលើកឡើងតាមរយៈបណ្ដាញសង្គមថា "មានអ្នកនយោបាយមួយចំនួន បានយកអនាគតស្ថាប័ននេះ វាយប្រហារនយោបាយដល់គណបក្សដទៃ ដើម្បីបង្ហាញថា បក្សរបស់ខ្លួនស្អាតស្អំ ខ្ញុំចង់សួរថា ការធ្វើនយោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ ឬដើម្បីកិត្តិយសរបស់ខ្លួន..? បើសិនជាដើម្បីអភិវឌ្ឍន៍ជាតិ យើងត្រូវរកចំណុចរួមក្នុងការអភិវឌ្ឍ ហើយបើម្នាក់ៗ នៅតែធ្វើតួរឯកនោះ សួរថា អាចជួយពលរដ្ឋខ្មែរ បានដែរឬទេ...?"៕