header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានកម្លាំង​នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីរូបគេធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់ កាលពីវេលាម៉ោងប្រហែល ៧៖៥៥នាទីយប់ថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ត្រង់​ចំណុចផ្លូវចុះពីស្ពាន៧មករា លើដងផ្លូវកម្ពុជាក្រោម ក្រុមទី២៥ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សឿន ស៊ីណេង ហៅ ណេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្រ្តីរងគ្រោះឈ្មោះ យក់ ចន្ធូ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនី រោងចក្រកាត់ដេរ  ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតខ្សែកប្រវែងប្រហែល ៤តឹកកន្លះ ដាច់ពីគ្នា (ជារបស់ជនរងគ្រោះ) និង​ម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច) ស៊េរី 2012 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-3103 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ )។

មុនពេលកើតហេតុស្រ្តីរងគ្រោះ និងប្ដីឈ្មោះ ស្រី សុខែម បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី 2014 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-2442 ចេញពីផ្ទះក្នុងគោលបំណងទៅញាំអាហារ និងដើរលេង នៅមាត់ទន្លេ ដោយជាប្តីជាអ្នកឌុប លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យជិះមកពីខាងក្រោយខាងស្ដាំដៃរបស់ជនរងគ្រោះ រួចក៏​ធ្វើសកម្មភាពឆក់យកខ្សែកពីជនរងគ្រោះបានសម្រេច  ហើយជនសង្ស័យព្យាយាមជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ ហើយជិះដេញតាមពីខាងក្រោយ ភ្លាមនោះជនសង្ស័យបានជិះម៉ូតូទៅបុកនឹងម៉ូតូរបស់អ្នកដំណើរតាមផ្លូវ បណ្ដាលឲ្យដួល ត្រូវបានសមត្ថកិច្ចក្របួចជាប់ រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក។

ក្រោយកើតហេតុកើតហេតុ ខ្សែកដាច់ពីរ ត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំដោយមានការឯកភាពពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post