header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា នៅសប្តាហ៍ក្រោយ គណបក្សកាន់អំណាច នឹងជួបពិភាក្សាជាមួយគណបក្សនយោបាយ ដែលចូលរួមបោះឆ្នោត។ ការលើកឡើងនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗកន្លងមកនេះថា សម្តេចនឹងបង្កើតវេទិកាជួបជាមួយតំណាងគណបក្សនយោបាយ ដែលមិនជាប់ឆ្នោត ដើម្បីពិភាក្សានូវចំណុចមួយចំនួន ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសជាមួយគ្នា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែល លោក ឈឹម ផលវីរុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា “យើងនឹងមានព័ត៌មានថ្មី គឺយើងនឹងមានជំនួបដំបូងជាមួយគណបក្សនយោបាយ ដែលមិនជាប់ឆ្នោតនៅក្នុងរដ្ឋសភា ហើយយើងនឹងពិគ្រោះផ្លាស់ប្តូរមតីគ្នា ឈានទៅដល់លទ្ធភាពបង្កើតយន្តការផ្លូវការមួយ ដែលធ្វើការងារជាប្រក្រតីក្នុងការពិគ្រោះយោបល់ ប៉ុន្តែមិនស្ថិតក្នុងក្រមខ័ណ្ឌសភាទេ”។

អ្នកនាំពាក្យរូបនេះ បន្ថែមទៀតថា ការជជែកគ្នាជាលើកដំបូងនេះ ក៏ពិភាក្សាគ្នា ដើម្បីរកលទ្ធភាពក្នុងការកំណត់ពេលវេលាជួបពិភាក្សាគ្នាជាទៀងទាត់ផងដែរ។ លោកថា “យើងពិភាក្សាប៉ុន្មានដងក្នុងមួយខែ ឬ៣ដង ក្នុងមួយខែ ជាមួយនាយករដ្ឋមន្ត្រី ហើយយើងជួបគ្នាយ៉ាងម៉េច យើងជជែកគ្នាលម្អិត។ ខ្ញុំជឿថា សប្តាហ៍ក្រោយ បងប្អូននឹងឃើញ នៃការបង្កើតយន្តការនេះ”។

សម្រាប់ការជួបគ្នានេះដែរ ត្រូវបានលោក សុខ ឥសាន បញ្ជាក់បន្ថែមថា តាមរយៈការបោះឆ្នោតសមាមាត្រ គណបក្សដែលដឹកនាំរដ្ឋាភិបាល គឺជាអ្នកយកកម្មវិធីនយោបាយខ្លួនផ្តាច់មុខ ដោយមិនយកកម្មវិធីនយោបាយរបស់គណបក្សចាញ់ឆ្នោតមកអនុវត្តន៍នោះទេ។ លោកគូសបញ្ជាក់ថា “យន្តការដែលរាជរដ្ឋាភិបាល មានគម្រោងជួបជាមួយគណបក្សនយោបាយនេះ វាគ្រាន់តែដូចជាសម្ល ត្រូវថែមគ្រឿង ដូចជាខ្ទឹម ម្រេច ស្ករ ឲ្យមានរស់ជាតិឡើង។ កុំឲ្យថា គណបក្សប្រជាជន យកកម្មវិធីនយោបាយរបស់គណបក្សផ្សេង មកធ្វើនោះមែនទេ”។

លោក សុខ ឥសាន បន្ថែមទៀតថា ការជួបគ្នានេះ ដើម្បីដកស្រង់ទស្សនៈវិស័យពីគណបក្សនយោបាយផ្សេង ត្រង់ចំណុចណាដែលទទួលយក គឺទទួលយក កន្លែងណាមិនទទួលយក ត្រូវបដិសេធចោលផងដែរ។

សម្រាប់អាណត្តិថ្មីនេះដែរ លោក សុខ ឥសាន បានសម្តែងសុទិដ្ឋិនិយមថា ប្រមុខរាជរដ្ឋាភិបាល នឹងធ្វើការកែប្រែកម្មវិធីនយោបាយរបស់បក្ស ដើម្បីបុព្វហេតុជាតិ ប្រជាជនកម្ពុជា ឲ្យកាន់តែប្រសើរឡើង។

លោក សុខ ឥសាន ក៏បានលើកឡើងថា ការបើកឲ្យឱកាសឲ្យគណបក្សនយោបាយ ដែលចាញ់ឆ្នោតចូលរួមផ្តល់គំនិតជាមួយរដ្ឋាភិបាលអាណត្តិថ្មីនេះ បង្ហាញពីមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែមានរហូតមក។ លោកថា “ទោះបីជាមានទស្សនៈនយោបាយផ្សេងគ្នាក្តី យើងមានឈាមខ្មែរដូចគ្នា អ៊ីចឹងយើងដឹងហើយថា តំណាងគណបក្សប្រជាជនកម្ពុជា គឺរូបទេវតា។ ទេវតាមានចិត្តល្អ អ្នកណាក៏រស់នៅជាមួយបានដែរ លើកលែងមាដែលផ្ចាញ់ទេ ដែលមិនអាចរស់នៅជាមួយបាន”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post