កណ្តាលៈ សាកសពបុរសម្នាក់ ដែលរអិលជើងធ្លាក់ចូលទឹកជ្រៅលង់ស្លាប់បាត់១យប់១ថ្ងៃ ត្រូវបានក្រុមគ្រួសាររាវរកឃើញហើយ កាលពីរសៀលថ្ងៃអាទិត្យ។
សូមរំឭកថា កាលពីវេលាម៉ោង៣រសៀលថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចពាមតាយូស លើផ្លូវ7NG ស្ថិតក្នុងភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បុរសម្នាក់ និងមិត្តភក្តិជាច្រើននាក់ទៀត នាំគ្នាទៅលេងទឹកហូរកាត់ផ្លូវ ខណៈកំពុងលេងទឹកភ្លេចខ្លួន ស្រាប់តែរអិលជើងធ្លាក់ទៅក្នុងទឹកជ្រៅ ហើយទឹកក៏ហូរគួចយកទៅបាត់ ភ្លាមនោះអ្នកដែលឃើញបានស្រែកឆោរឡោឲ្យគេជួយដែរ តែដោយសារតែទឹកហូរខ្លាំងពេក ទើបមិនមានអ្នកណាហ៊ានចុះទៅជួយឡើយ។
ជនរងគ្រោះឈ្មោះ ណន នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ប្រពន្ធឈ្មោះ ភឿន ស្រស់ អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា។
ប្រភពពីសាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិជាច្រើននាក់ទៀត បាននាំគ្នាទៅលេងទឹក ដែលហូរកាត់ផ្លូវចំណុចពាមតាយួស ត្រង់ចំណុចខាងលិចក្រុមហ៊ុន 7NG ខណៈពេលកំពុងលេងទឹកភ្លេចខ្លួន ជនរងគ្រោះបានរអិលជើងធ្លាក់ទៅក្នុងទឹកជ្រៅ ហើយទឹកក៏ហូរគួចយកទៅបាត់ ភ្លាមនោះដោយទឹកហូរខ្លាំង ទើបពុំមានអ្នកណាហ៊ានចុះទៅជួយទេ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច និងក្រុមគ្រួសារ ប្រជាពលរដ្ឋរាវរកតែមិនឃើញ អស់រយៈពេលមួយយប់មួយថ្ងៃ រហូតដល់រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ សាកសពត្រូវបាន ក្រុមអ្នកមុជទឹក ជនជាតិខ្មែរឥស្លាម ចុះរាវរកឃើញហើយ និងរៀបចំយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕