ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតហើយបង្កឡើងដោយរថយន្ត LEXUS 470 មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រា ក្នុងល្បឿនយ៉ាងលឿន បានទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យផ្ទុះបែកកង់លាន់ដូចរន្ទះ រួចអូសកង់ម្ខាងជាប់ទ្រូងផ្លូវប្រហែល១០ម៉ែត្រ ទើបក្រឡាប់ផ្ងារជើងច្រង៉ាង និងទ្រូងផ្លូវបាក់ខ្ទាតពេញផ្លូវ៣កង់ និងជាច្រើនកង់ទៀតរងការខូចខាត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះបានកើតឡើងការពីវេលាម៉ោង០៣:២០នាទីរសៀល ថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខហាងគុយទាវហុងប៊ូ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS 470 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2G-5128 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនខ្លាំង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្តាលឲ្យផ្ទុះបែកកង់លាន់ដូចរន្ទះ រួចអូសកង់ម្ខាងជាប់ទ្រូងផ្លូវប្រហែល១០ម៉ែត្រ ទើបក្រឡាប់ផ្ងារជើងច្រង៉ាង និងទ្រូងផ្លូវបាក់ខ្ទាតពេញផ្លូវ៣កង់ និងជាច្រើនកង់ទៀតរងការខូចខាត រីឯបុរសនោះជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគ្រាចេញមកក្រៅ មិនមានរងរបួសអ្វីនោះទេ។ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍ និងជួយរំកិលទ្រូងផ្លូវដែលខ្ទាតទៅកណ្ដាលផ្លូវធ្វើដំណើរនោះមកក្បែរទ្រូងផ្លូវវិញសិន ដើម្បីកុំអោយមានការកកស្ទះចរាចរណ៍ផងដែរ។
ក្រោយពេលកើតហេតុក៏មានសាច់ញត្តិរបស់គាត់បានមកដល់កន្លែងកើតហេតុ រួចហៅម៉ូតូឌុបអោយគាត់ជិះចេញពីកន្លែងកើតហេតុបាត់ទៅ ហើយសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌមានជ័យក៏បានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនិតិវិធីច្បាប់ ៕