header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

នៅល្ងាចនេះ ប្រតិភូ និងអត្តពលិកកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី បានចាកចេញពីទីក្រុងហ្សាកាតាហើយ នាព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ដោយគ្រោងនឹងមកដល់មាតុភូមិ នាវេលាម៉ោង ៥:៣៥នាទីល្ងាចនេះ ខណៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមទទួលស្វាគមន៍ និងជួបសំណេះសំណាលភ្លាមៗ នៅវិមានសន្ដិភាព ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ដែលបានខិតខំដណ្ដើមជោគជ័យជាប្រវត្តិសាស្ដ្រជូនជាតិពីព្រឹត្តិការណ៍កីឡាដ៏ធំនេះ។

ដំណើរនិវត្តន៍អមដោយសមិទ្ធិផល បំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ ៦៤ឆ្នាំនេះ នឹងមានពិធីទទួលស្វាគមន៍យ៉ាងពិសេស តាមអនុសាសន៍ដ៏ខ្ពងខ្ពស់របស់សម្ដេចតេជោ ដោយមានក្បួនដង្ហែររថយន្ដ អមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព និងចូលជួបសម្ដែងការគួរសម្យជាមួយសម្ដេចតេជោនាយករដ្ឋមន្ដ្រី ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់ ក្រោយចុះពីលើយន្ដហោះផងដែរ ។

យ៉ាងណាមិញគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋរស់នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី និងអ្នកធ្វើដំណើរ សូមត្រៀមចូលរួមអបអរសាទរឲ្យបានច្រើនកុះករនូវក្បួនដង្ហែរខាងលើ ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីកម្ពុជា រហូតដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ជូនជាតិ ដែលជាសមិទ្ធិផលជាប្រវត្តិសាស្ដ្រសម្រាប់ប្រទេសកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បើគិតតាំងពីឆ្នាំ១៩៥៤ រហូតដល់ឆ្នាំ២០១៨៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post