
ភ្នំពេញៈ ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងមួយដើម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង៣០នារីថ្ងៃត្រង់ ថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្លូវលេខ៩៥ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានចេញពីធ្វើការនៅម្តុំអគា៤២ជាន់ គោលបំណង់ត្រឡប់ទៅផ្ទះនៅម្តុំស្ថានទូតចិន ដោយធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង បត់ស្តាំតាមបណ្ដោយផ្លូវម៉ៅសេទុង ខណៈពេលដែលជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញមានក្លិនឈ្ងៀម រួមជាមួយសំឡេងផ្ទុះបែកផ្កាផ្លើង លាន់ដូចរន្ទះ ក៏ក្រឡេកមើលលើបង្គោលភ្លើង ទើបឃើញភ្លើងកំពុងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ដែលបង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើនចោមរោមមើល។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលរដ្ឋាន បានប្រាប់ឲ្យដឹងថា ក្រោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម កម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងរាយការណ៍បន្តទៅ ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ ដោយមានរថយន្តពន្លត់អគ្គិភ័យ១គ្រឿងបានមកដល់ចំណុចកើតហេតុ ធ្វើការបាញ់ពន្លត់អស់ទឹក១ឡាន ទើបអគ្គិភ័យបានរលត់ជាស្ថាពរ៕


