
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសពីវិធានការដាច់ណាត់ និងចំណាត់ការដ៏ម៉ឺងម៉ាត់មានប្រសិទ្ធភាព។
នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ សង្កត់ធ្ងន់ថា មិនមែនជាការដាក់បង្អើល ឬគំរាម គឺជាប្រតិបត្តិការទ្រង់ទ្រាយធំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើការចុះបង្ក្រាបបទល្មើសគ្រឿងញៀន ដែលបំពានច្បាប់នៅតាមទីតាំងសេវាកម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត និងកន្លែងសប្បាយនានានៅទូទាំងរាជធានីភ្នំពេញ ដែលមានរហូតដល់ជាង១ ០០០កន្លែង ក្នុងករណីម្ចាស់ទីតាំងអាជីវកម្មខ្លះបានលួចផ្តល់ទីតាំងសម្រាប់ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានដែលស្នឹទ្ធនឹងរដ្ឋាភិបាលកម្ពុជា។

នាយឧត្តមសេនីយ៍ដែលត្រូវបានលោកនាយករដ្ឋមន្រ្តីស្នើដាក់ក្នុងមន្រ្តីជាន់ខ្ពស់នគរបាលជាតិដែលចូលនិវត្តន៍ បានបញ្ជាក់យ៉ាងដូច្នេះថា នេះជាវិធានការដាច់ខាតរបស់ខ្ញុំផ្ទាល់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
ដ៏ក្ដៅគគុកមួយនេះ មិនមែនជាការគំរាម ឬបង្អើល តែគឺជាវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀនបំពានច្បាប់ ផ្ទុយពីកិច្ចសន្យារបស់ខ្លួន ពីសំណាក់ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ និងម្ចាស់ទីតាំងសេវាកម្សាន្តនានា ដែលបានធ្វើឡើងនៅចំពោះមុខសាលារាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា នេះ ទីតាំងអាជីវកម្ម កម្សាន្ត ទាំង១ ១៦៨ កន្លែង នៅទូទាំងរាជធានីភ្នំពេញ ដែលជាទីតាំងសេវាកម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងសប្បាយផ្សេងៗ បានធ្វើកិច្ចសន្យាចំនួន១៦៥ទីតាំង រួចហើយឈានទៅបញ្ចប់ឱ្យគ្រប់ចំនួនត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។

រយៈពេល៨ខែក្នុងឆ្នាំ២០១៨ នេះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ចំនួន១ ២៥០ករណី ដោយឃាត់បានជនល្មើស២ ៣៧២នាក់ ក្នុងនោះករណីជួញដូរគ្រឿងញៀន មាន៦១០ករណី ឃាត់ខ្លួន១ ១៧៥នាក់ និងប្រើប្រាស់គ្រឿងញៀន៦៤០ករណី ឃាត់ខ្លួនបាន១ ១៩៧នាក់។

សូមរំលឹកថា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានកាន់តំណែងជាស្នងការរាជធានីភ្នំពេញ អស់រយៈកាលប្រមាណ៦ឆ្នាំ ត្រូវបានសម្តេច ហ៊ុន សែន ទួលថ្វាយព្រះមហាក្សត្រដើម្បីដាក់ចូលនិវត្តន៍។

