header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេ​បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរងការចោទប្រកាន់ពីសំណាក់មន្ត្រីជាច្រើននាក់ ក្រោមឱវាទរបស់ខ្លួនថា បានស៊ី​ដាច់លុយការ​ពារក្នុងការបោះឆ្នោតកន្លងទៅរាប់លានរៀល និងអង្កររបស់តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ដែលផ្តល់ជូនកាលពីពេលថ្មីៗនេះ សម្រាប់បើកឲ្យ​មន្ត្រីទាំងអស់នោះថែមទៀតផង។

ការលើកឡើងពីសំណាក់មន្ត្រីអាវុធហត្ថសូមមិនបញ្ចេញឈ្មោះ ទៅលើមេបញ្ជាការបស់ខ្លួននេះ ធ្វើឡើងកាលពី​រសៀលថ្ងៃទី២៥ កញ្ញា ២០១៨ កន្លងទៅថ្មីៗនេះ។

មន្ត្រីអាវុធហត្ថមួយរូបនោះ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ចាប់តាំងពីលោក ជូ សារុន ចូលមកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមក មានភាពមិនប្រក្រតីជាច្រើន បានកើតឡើងដូចជាប្រកាន់បក្ខពួក (យកតែសាច់ញាតិបងប្អូន) និងបង្កើតឲ្យ​មានអ្នកដើរប្រមូលលុយពីបទល្មើសព្រៃឈើ និងសេដ្ឋកិច្ចជាច្រើននៅក្នុងខេត្ត ជាងនេះទៅទៀត កន្លែងណាដែលអាចរកលុយបានដោយស្រួល លោក ជូ សារុន តែងតែដាក់សាច់ញាតិឯងឲ្យ​ទៅកាន់កន្លែងនោះភ្លាមៗ មិនបានពិភាក្សាជាមួយលោកមេបញ្ជាការរងណាម្នាក់នោះទេ គឺអាងខ្លួនជាមេបញ្ជាការមានអំណាចនោះ។ ជាក់ស្តែងនៅពេល ដែលមកកាន់តំណែងភ្លាម លោក ជូ សារុន គាត់បានដាក់សាច់ញាតិម្នាក់ ដែលមកពីខេត្តកោះកុងជាមួយគ្នាឲ្យ​ទៅកាន់ជាមេបញ្ជាការរងក្រុងច្បារមនផងដែរ។

ប្រភពបានបន្តទៀតថា លើសពីនេះទៀត គាត់បានបញ្ជូនប្អូនប្រុសរបស់គាត់ម្នាក់ទៀតឲ្យ​ទៅដាក់កុងត្រូលដេក​ចាំយកលុយពីបទល្មើសផ្សេងៗ នៅចំណុចភ្នំតូចព្រំប្រទល់ស្រុកឱរ៉ាល់ និងថ្ពង តាមបណ្តោយផ្លូវជាតិលេខ៤៤ ដើម្បីចាំប្រមូលលុយពីឈ្មួញដឹកបទល្មើសព្រៃឈើថែមទៀតផង។ ដោយឡែកខាងផ្លូវជាតិលេខ៥ ស្នាក់ការសន្តិសុខ៥៥១ឯណោះវិញ លោក ជូ សារុន បានដាក់លោកវរសេនីយ៍ទោ គង់ វាសនា ដែលមានរហស្សនាមថា មហាមេឃកំពុងធ្វើព្យុះ ធ្វើភ្លៀងសម្បើមខ្លាំងណាស់ដូចជាដេញចាប់ឡានដឹកបទល្មើសនានា ដែលបើកឆ្លងកាត់ស្នាក់ការសន្តិសុខកៀបសង្កត់យកលុយមិនប្រណីដៃឡើយ ឲ្យ​តែមិនព្រមបង់លុយឲ្យ​លោក គង់ វាសនា នោះ។

បើតាមប្រភពច្បាស់ការណ៍មួយទៀត បានប្រាប់ឲ្យដឹងដែរថា នៅពេលថ្មីៗនេះទៀតសោត លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានស៊ីដាច់អង្ករឧបត្ថម្ភរបស់លោក​ ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ  ដែលបានផ្តល់ជូនមន្ត្រីកងកម្លាំងអាវុធហត្ថកាលពីពេលកន្លងទៅថ្មីៗនោះទៀតផង ជាពិសេស គឺស៊ីដាច់លុយការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ រាប់លានរៀលតែម្តង។

បើតាមប្រភពបន្តទៀតថា រឿងស៊ី​ដាច់លុយការពារបោះឆ្នោតនេះ បើជាសាច់ញាតិ និងជាសែ​ស្រឡាយ ជិតស្និតរបស់លោក ជូ សារុន គឺបានទទួលគ្រប់ចំនួន ប៉ុន្តែបើមិនមែនជាសែស្រឡាយលោកខ្លះទេ គឺមិនបានទទួលឡើយ ស៊ីដាច់តែម្តងគ្រឹបៗ។

ប្រភពដដែលបានបន្តថា លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឲ្យ​មនុស្សជំនិតរបស់ខ្លួនដើរប្រមូលគាបសង្កត់អ្នករស៊ី ដោយក្នុងនោះឲ្យ​លោកវសេនីយ៍ទោ លឹម ឧសភា ប្រមូលលុយពីក្រុមឈ្មួញឈើ និងទំនិញនៅតាមផ្លូវជាតិលេខ៤ និងម្តុំក្រាំងចេក។

ដោយឡែកមេបញ្ជាការស្រុកមួយចំនួន ក៏បានរអ៊ូររទាំផងដែរថា តាំងពីលោក ជូ សារុន មកកាន់តំណែងជាមេខេត្តកាលណាមក មេបញ្ជាការតាមបណ្តាស្រុកនានាទូទាំងខេត្តម្នាក់ៗស្ទើរខ្សោះខ្យល់អស់ហើយ ដោយប្រឹងប្រែងស្វែងរកលាភសក្ការៈយកទៅសែនដល់មេ ដើម្បីកុំអោយមានការដោះដូរចេញពីមេស្រុកថែមទៀតផង។

ពាក់ព័ន្ធននឹងការលើកឡើង ក៏ដូចជាការរិះគន់នេះផងដែរ មន្ត្រីអាវុធហត្ថមួយចំនួននៅខេត្តកំពង់ស្ពឺ ស្នើសុំឲ្យនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាជួយពិនិត្យមើលទង្វើរបស់លោក ជូ សារុន ផង ជាពិសេសសូមចាត់ក្រុមអធិការកិច្ចចុះធ្វើការស្រាវជ្រាវ ដើម្បីរកការពិតផងទាន។

ទាក់ទងនឹងការរិះគន់ ក៏ដូចជាចោទប្រកាន់ខាងលើនេះដែរ លោកឧត្តមសេនីយ៍ត្រី ជូ សារុនបានឆ្លើយតបយ៉ាងខ្លី តាមប្រព័ន្ធ(WhatsApp)ថា "វាជារឿងមិនពិតនោះទេ ហើយលោកក៏មិនបានប្រព្រឹត្តដូចការលើកឡើងខាងលើរបស់មន្ត្រីមួយចំនួននេះដែរ" ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post