ភ្នំពេញៈ លោក កែវ រដ្ឋវិទ្យា ជាប៉ូលិសមួយរូប ក្នុងខណ្ឌមានជ័យ ស្នើសុំឲ្យក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ចាត់ការលើលោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ដែលកាងបទល្មើសគ្រឿងញៀន និងដោះលែងជនល្មើសគ្រឿងញៀន ជាថ្នូរនឹងប្រាក់មួយចំនួន។ ទោះជាយ៉ាងណា លោកអធិការ បានបដិសេធចំពោះការចោទប្រកាន់នេះ។
លោក កែវ រដ្ឋវិទ្យា ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Vit Yea បានសរសេរនៅយប់ថ្ងៃទី២៥ ខែកញ្ញា ២០១៨នេះ បានចេញមុខមកបដិសេធ និងហែកកេរ្តិ៍រឿងរ៉ាវស្អុយរលួយនៅក្នុងជួរកងកម្លាំងនគរបាលខណ្ឌមានជ័យ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា "ខ្ញុំសូមបដិសេធទាំងស្រុង ដែលលោកអធិការ តេង ស៊ីណូ ដែលគាត់ថា ខ្ញុំផ្ទុះអាវុធ ដោយសារស្រវឹង"។
លោកបន្តថា "ខ្ញុំសូមបញ្ជាក់ថា គោលដៅនេះ ជាតំបន់សំណង់មិនរៀបរយ សំបូរទៅដោយបទល្មើសគ្រឿងគ្រឿងញៀន និងកន្លែងបើកល្បែងស៊ីសងខុសច្បាប់ ជាពិសេសហ្គេមបាញ់ត្រី ។ មូលហេតុគឺ ខ្ញុំទទួលព័ត៌មានថា មានការជួញដូរគ្រឿងញៀននៅទីនោះ ទើបខ្ញុំចុះទៅម្នាក់ឯង ឃើញជាក់ស្តែងក៏បានផ្ទុះអាវុធពិតប្រាកដមែន ព្រោះតែយប់ងងឹត និងភូមិសាស្ត្រស្មុគស្មាញ តែសំណាងអាក្រក់អី ខ្ញុំត្រូវបានអធិការរូបនេះ ហៅមកសួរចម្លើយ ដោយចោទថា ខ្ញុំទៅផ្ទុះអាវុធដោយគ្មានបទបញ្ជាទៅវិញ ហើយត្រូវគាត់ស្តីបន្ទោសយ៉ាងខ្លាំង"។
លោក កែវ រដ្ឋវិទ្យា បញ្ជាក់ថា "ធាតុពិត គឺកន្លែងដែលខ្ញុំផ្ទុះអាវុធនោះ គឺមិនត្រឹមតែជាតំបន់គ្រឿងញៀនទេ វាមានទីតាំងហ្គេមបាញ់ត្រី ជាទីតាំងដែលផ្តល់ផលប្រយោជន៍ឲ្យមេប៉ុស្តិ៍ និងអធិការ ទើបខ្ញុំត្រូវគេស្តីបន្ទោសយ៉ាងចាស់ដៃបែបនេះ និងត្រូវបានគាត់គំរាមថា ចង់សុខ ឬចង់មានរឿង ព្រមទាំងឲ្យខ្ញុំលុបថា មិនមានបទល្មើសគ្រឿងញៀននៅតំបន់នោះទេ និងត្រូវសរសេរសារសុំទោសជាសាធារណៈវិញថា មិនមានបទល្មើសគ្រឿងញៀនទេ វាជាការយល់ច្រឡំទេ"។
"ខ្ញុំសូមឲ្យថ្នាក់លើក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ជួយរកយុត្តិធម៌ដល់រូបខ្ញុំផង ហើយសូមឲ្យថ្នាក់លើ ចុះស៊ើបអង្កេតថា តើម្តុំនឹងជាតំបន់អ្វី? មានអ្វីខ្លះ? ហើយសុខៗ ខ្ញុំទៅកន្លែងនឹងធ្វើអី បើគ្មានព័ត៌មានច្បាស់នោះ។ គាត់ថា ជារូបចាស់ គឺពិតជារូបចាស់មែន តែខ្ញុំគ្រាន់តែចង់បង្ហាញពីស្នាដៃ ដែលខ្ញុំខំប្រឹងប្រែងបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ កន្លងមកតែប៉ុណ្ណោះ"។ លោកបញ្ជាក់បន្ថែម។
ជាមួយគ្នា នាយប៉ូលិសរូបនេះ ក៏ហែកកេរ្តិ៍ផងដែរ ចំពោះការដោះលែងជនល្មើសជាថ្នូរនឹងប្រាក់មួយចំនួន យ៉ាងដូច្នេះថា "ប្រហែលជា១ខែមុន ថ្ងៃមិនចាំ រូបខ្ញុំផ្ទាល់បានកសាងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចមុខសាលាមតេ្តយ្យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ដោយបានឃាត់ខ្លួនមនុស្ស៥នាក់ ប្រុស៣ ស្រី២ ម៉ូតូស្កុបពី ពណ៌ស និងភស្តុតាងថ្នាំញៀនចំនួន៣ហ៊ុន យកទៅសាកសួរនៅប៉ុស្តិ៍ស្ទឹងមានជ័យ២ ហើយត្រូវគេដោះលែងដោយសម្ងាត់ ជាថ្នូរនឹងទឹកប្រាក់៤៥០ដុល្លារ ដោយរូបខ្ញុំជាអ្នកបង្ក្រាបមិនបានដឹងទាល់តែសោះ"។
លោកថា "ទាល់តែជិះជួបពួកជនល្មើសតាមផ្លូវវិញ ទើបដឹងថា គេលែងបាត់។ ដោយក្នុងនោះ ខ្ញុំដឹងថា មេប៉ុស្តិ៍យកទៅចែកគ្នាជាមួយអធិការ។ ករណីនេះ សូមថ្នាក់ដឹកនាំទាំងអស់ ជួយស៊ើបអង្កេតករណីនេះផង"។
ឆ្លើយតបចំពោះការបកអាក្រាតពីរឿងអាស្រូវកាងបទល្មើស និងដោះលែងជនល្មើសគ្រឿងញៀនខាងលើនេះ លោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ បដិសេធការចោទប្រកាន់ទាំងស្រុងតែម្ដង។
ទោះបីជាយ៉ាងណាក្ដី គេកត់សម្គាល់ឃើញថា គ្រប់ទីតាំងល្បែងក្នុងខណ្ឌមានជ័យ ទាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី ជិត១០ទីតាំង និងទីតាំងគ្រឿងញៀនជាច្រៀនទៀត ពុំមានអ្នកណាហ៊ានបង្ក្រាបឡើយ៕