អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមហ៊ុន លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី ដែលជាក្រុមហ៊ុនផលិតនំស្រួយល្បីមួយរបស់ខ្មែរ បានចេញមុខបកស្រាយ ដោយធានាអះអាងថា ផលិតផលរបស់ខ្លួន ត្រូវបានផលិតឡើងតាមស្ដង់ដារ និងមានការធានាទាំងគុណភាព និងសុវត្ថិភាពខ្ពស់ជូនអតិថិជន។ ការចេញមុខបកស្រាយបែបនេះ បន្ទាប់ពីអង្គភាពសារព័ត៌មាន Cam Post បានចេញផ្សាយពីករណីកុមារីម្នាក់ នៅខេត្តស្ទឹងត្រែង មានបញ្ហាសុខភាព ក្រោយញ៉ាំនំស្រួយលីលី។

នៅក្នុងលិខិតបកស្រាយផ្ញើមកកាន់ Cam Post កញ្ញា ជិន ស្រីមុំ ប្រធានផ្នែកត្រួតពិនិត្យ និងធានាគុណភាព នៃក្រុមហ៊ុន លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី បានបកស្រាយថា ផលិតផលរបស់ក្រុមហ៊ុន លី លី ជាផលិតផល ដែលផលិតទៅតាមស្ដង់ដារ អនាម័យខ្ពស់ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ISO 22000:2005 និងបាននាំចេញទៅកាន់ទីផ្សារបរទេសចំនួន១២ប្រទេសផងដែរ។ លើសពីនេះទៀត ផលិតផលរបស់ក្រុមហ៊ុន លី លី ដ៏ល្បីរបស់ខ្មែរនេះ ថែមទាំងមានការទទួលស្គាល់ជាអន្តរជាតិ ព្រោះរាល់ការផលិត គឺមានការយកចិត្តទុកដាក់ខ្ពស់ តាំងពីចំណុចចាប់ផ្ដើម នៃការទទួលទិញវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច ចេញទៅដល់ដៃអតិថិជន គឺមានការត្រួតពិនិត្យតាមដានគ្រប់លំហូរ នៃខ្សែសង្វាក់ផលិតកម្មទាំងអស់។

ប្រធានផ្នែកធានាគុណភាពរូបនេះ អះអាងយ៉ាងដូច្នេះថា “នាងខ្ញុំសូមធានាថា រាល់ផលិតផលរបស់យើងខ្ញុំ ដែលចេញលក់លើទីផ្សារ គឺជាផលិតផល ដែលមានការធានាទាំងគុណភាព និងសុវត្ថិភាពខ្ពស់ជូនអតិថិជន”

កញ្ញា ជិន ស្រីមុំ អំពាវនាវផងដែរ បើសិនមានការរិះគន់លើបញ្ហាអ្វីមួយពាក់ព័ន្ធផលិតផលរបស់ក្រុមហ៊ុនផលិតនំ លី លី គួរទំនាក់ទំនងទៅកាន់ក្រុមហ៊ុនផ្ទាល់ ដែលមានអាសយដ្ឋាននៅលើសម្បកវេចខ្ចប់របស់ផលិតផល ឬទាក់ទងតាមទូរស័ព្ទលេខ ០២៣ ៦៨៩ ៩៩៩៩។

សូមជម្រាបថា ការបកស្រាយនេះ បន្ទាប់ពីកុមារីអាយុ៥ឆ្នាំម្នាក់ រស់នៅខេត្តស្ទឹងត្រែង បានមានអាការៈក្អួតចង្អោរ ក្រោយពេលញ៉ាំនំស្រួយលីលី។ នាងក៏មានសុខភាពប្រក្រតីឡើងវិញ បន្ទាប់ពីទទួលការជួយសង្គ្រោះពីសំណាក់គ្រូពេទ្យ។ នេះបើតាមការអះអាងរបស់ជីតាកុមារីរងគ្រោះ។

យ៉ាងណាមិញ ក្រោយការត្រួតពិនិត្យលើករណីនេះហើយ ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង លោក គឹម ប្រុស បានបញ្ជាក់ថា នំស្រួយ លីលី ដែលកុមារីរងគ្រោះបានបរិភោគនោះ គឺជាផលិតផលមិនទាន់ផុតកំណត់នោះទេ។ ដូច្នេះ លោកមិនអាចសន្និដ្ឋានថា ក្មេងស្រីរងគ្រោះ ពុលដោយសារញ៉ាំនំស្រួយ លីលី ឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor