
ក្រុមហ៊ុនចិនធំៗចំនួន៦ ត្រូវបានអនុញាតឱ្យធ្វើការរសិក្សាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៅក្រុងព្រះសីហនុ បន្ទាប់ពីបានរងការខូចខាតស្ទើរតែទាំងស្រុង នារយៈពេលចុងក្រោយនេះ។ កាលពីព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ តាមរយៈជំនួប និងការពិភាក្សានេះ ឯកឧត្តម យន្ត មីន មានរំពឹងថាក្រុមហ៊ុនចិន នឹងអាចធ្វើការជាមួយរដ្ឋបាលខេត្ត រួមទាំងមន្ទីរពាក់ព័ន្ធ ក្នុងការស្តារវិស័យហេដ្ឋារចនាសម្ពន័្ធនៅខេត្តព្រះសីហនុ អោយបានល្អប្រសើរ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសំដែងការស្វាគមន៍ចំពោះក្រុមហ៊ុនចិនដែលមានបំណងក្នុងគម្រោងការស្តារហេដ្ឋារចនាសម្ពន័្ធផ្លូវ លូក្នុងខេត្ត។
លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា៖ ផ្លូវមេក្នុងក្រុងសំខាន់ៗដែលលើកយកមកពិភាក្សាគ្នានេះមានចំនួន៨ខ្សែបែកខ្នែងសំខាន់ៗចំនួន២៨ខ្សែ មានប្រវែងសរុបចំនួន១៤០គម។ ផ្លូវទាំងនេះបានបែកជាខ្នែងសំខាន់ៗចំនួន២៤៥ខ្សែទៀតនៅទូទាំងក្រុងព្រះសីហនុ។ ក្នុងនោះផ្លូវសំខាន់ចំនួន២៨ខ្សែ ក្នុងក្រុងព្រះសីហនុ ជាផ្លូវសំខាន់ដែលត្រូវតែរកវិធីដោះស្រាយចំពោះមុខដោយត្រូវតែធ្វើការកែលម្អនិងពង្រីកអោយកាន់តែប្រសើរឡើង។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រូបនេះបន្តថា ប្រសិនជាយើងអាចកែលម្អ ពង្រីក ផ្លូវចូលក្រុងបន្ថែមទៀតបាននោះ បញ្ហាកកស្ទះចរាចរណ៍ ពេលចូលក្រុងព្រះសីហនុ នឹងកាត់បន្ថយ ផងដែរ។

លោក ZHOU CHUANFA អ្នកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុនចិន THE OVERSEAS CO.,OF CHINA RAILWAY NO.10 ENGINEERING GROUP CO., LTD លើកឡើងថា ៖ ពួកគេពេញចិត្តសហការជាមួយខេត្តព្រះសីហនុ លើគម្រោងសាងសង់ផ្លូវនិងលូ។
ក្រុមហ៊នទាំងនេះមានជំនឿថាពួកគេអាចធ្វើបាន ប្រសិនជាខេត្តព្រះសីហនុ និងរដ្ឋាភិបាលអនុញ្ញាត។ តំណាងក្រុមហ៊ុននេះបានបញ្ជាក់ថាក្រុមហ៊ុនធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់ផ្លូវ នៅតាមប្រទេសមួយចំនួនក្នុងពិភពលោក។ តាមរយៈកិច្ចពិភាក្សានេះ ក្រុមហ៊ុនចិនទាំង៦ អះអាងថា ពួកគេអាចដោះស្រាយបាន លើគម្រោងស្ដារ ហេដ្ឋារចនាសម្ព័ន្ធនេះ។
ឆ្លើយតបចំពោះភាគីក្រុមហ៊ុនទាំងនេះទាក់ទិននឹងការសាងសង់ផ្លូវ ឯ.ឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឯកភាពជាគោលការណ៏៍ ឱ្យក្រុមហ៊ុនទាំងនេះធ្វើការសិក្សាគម្រោងតាមសំណើ។

