ភ្នំពេញៈ ព្រោះតែភ្លើងប្រចណ្ឌ បុរសម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល ដោយបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង៤ល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលលេខ៩ជាន់ទី២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសដែលធ្វើអត្តឃាតមានឈ្មោះ ប៊ុត សាវុធ អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលលេខ០៩ ជាន់ទី២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិស្នេហ៍រាន ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ វ៉ែន ពៅ អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយប្តី មានស្រុកកំណើតភូមិនាងទទឹង ឃុំទឹកហូរ ស្រុកលលាប្អៀរ ខេត្តកំពង់ឆ្នាំង ព្រមទាំងមានកូនស្រី២នាក់។
ស្រ្តីជាប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុ កាលយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ រូបគាត់បានទៅធ្វើការ រោងចក្រថែមម៉ោង រហូតដល់ម៉ោង៨យប់។ លុះត្រឡប់មកផ្ទះវិញ ស្រាប់តែប្តីរបស់គាត់ រករឿងប្រចណ្ឌអញ្ចេះមួយអញ្ចុះមួយ ហើយពួកគាត់ទាំងពីរនាក់ ក៏ទាស់ពាក់សម្តីជាមួយនឹងគ្នាបន្តិច រហូតទាល់តែដល់ប្តីគាត់សុំលែងលះគ្នាទាំងយប់ផងដែរ តែរូបគាត់បានប្រាប់ថា បើចង់លែង ចាំព្រឹកឡើង ចាំទៅលែងគ្នា បន្ទាប់ពីទាស់ពាក់សម្តីគ្នាហើយ រូបគាត់ព្រមទាំងប្តី បាននាំគ្នាដេកលក់អស់ទៅ។
ប្រភពបន្តទៀតថា លុះព្រឹកឡើងពួកគាត់មិនបាននិយាយគ្នាអ្វីនោះទេ ហើយរូបគាត់ជាប្រពន្ធ ក៏បានចេញធ្វើការរោងចក្រដូចសព្វដង ដោយមិនបានមក ហូបបាយនៅផ្ទះទេ គឺហូបបាយនៅរោងចក្រ លុះដល់វេលាម៉ោង៤រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ រូបក៏បានចេញពីធ្វើការត្រលប់មកផ្ទះវិញ បានគោះទ្វារផ្ទះ ដើម្បីអោយប្តីបើកទ្វារ ពីព្រោះឃើញទ្វារខាងក្រៅ អត់ចាក់សោរ តែខ្ទាស់គន្លឹះខាងក្នុង ដោយគាត់នឹងស្មានថា ប្តីរបស់អត់ទៅធ្វើការទេ តែពេលនោះដែរ រូបគាត់ក៏បានគោះទ្វារ តែប្តីរបស់គាត់អត់បើកទ្វារសោះ ហើយណាមួយរូបគាត់ក៏មានការសង្ស័យ ក៏បានបានហៅបងប្អូន សាច់ញាតិរបស់ប្តីគាត់មក នាំគាស់កញ្ចក់ទ្វារចេញ ហើយលូកដៃបើកគន្លឹះទ្វារ ហើយរុញទ្វារចូល ក៏ស្រាប់តែឃើញប្តីរបស់គាត់ ធ្វើអត្តឃាត ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ បន្ទាប់ជំនាញ់កោសលវិច័យខណ្ឌមានជ័យ បានពិនិត្យសាកសពហើយ ឃើញថា សពជនរងគ្រោះ គឺពិតជាស្លាប់ដោយ តែអត្តឃាត សម្លាប់ខ្លួនឯងពិតប្រាកដមែន រួចហើយក៏ធ្វើលិខិតប្រគល់សពជនរងគ្រោះ អោយទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តព្រៃវែង៕